(ភ្នំពេញ)៖ សិស្សវិទ្យាល័យសន្ធរម៉ុក និងសិស្សវិទ្យាល័យឥន្ទ្រៈទេវី សរុប៣នាក់ អាចរត់គេចខ្លួនបានជិត៤ខែ បែរជាមកជាប់ខ្នោះបន្តបន្ទាប់ របស់កម្លាំងព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវធី ក្រោយពីពួកគេបែកគំនិតចេញធ្វើសកម្មភាពឆក់កាបូបតាមដងផ្លូវសាធារណៈមិនបានសម្រេច តែបណ្ដាលឲ្យជនរងគ្រោះជាក្រឡាបញ្ជី ដួលម៉ូតូរងរបួសយ៉ាងដំណំ។
របាយការណ៍របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ការឃាត់ខ្លួនដំបូងលើជនសង្ស័យ ជាសិស្សវិទ្យាល័យសន្ធរម៉ុក និងសិស្សវិទ្យាល័យឥន្ទ្រៈទេវី ចំនួន២នាក់ ក្នុងបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ មិនបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) បានអនុវត្តឡើងស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក នាវេលាម៉ោង០១៖៣០នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ជាសិស្សវិទ្យាល័យសន្ធរម៉ុក និងសិស្សវិទ្យាល័យឥន្ទ្រៈទេវី ចំនួន២នាក់ កម្លាំងការិយាល័យជំនាញ អាចឈានទៅកំណត់គោលដៅមុខសញ្ញាសិស្សវិទ្យាល័យសន្ធរម៉ុក ដែលជាបក្ខពួកម្នាក់ទៀត រហូតឃាត់ខ្លួនបាននៅចំណុចផ្សារល្វេ ផ្លូវជាតិលេខ២ ភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ នាវេលាម៉ោង០៤៖៤០នាទីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
ក្រោយឃាត់ខ្លួនសួរនាំពួកគេទាំង៣នាក់ បានឆ្លើយសារភាពថា កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ប្រហែល៤ខែមុន បានធ្វើសកម្មភាពឆក់កាបូបស្ពាយ បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស តែមិនបានសម្រេចឡើយ ស្ថិតនៅចំណុចមុខមុខយានដ្ឋានT.C AUTO CAR ផ្លូវលេខ៥៩៨ ក្រុម៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
របាយការណ៍បង្ហាញថា ជនរងគ្រោះឈ្មោះ សាន សាក់នី ភេទស្រី មុខរបរក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ មានទីលំនៅផ្ទះលេខ២ដេ ផ្លូវលេខ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនសង្ស័យទាំង៣នាក់នោះ ទី១៖ឈ្មោះ លីន រស្មី ហៅស្មីតូច អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ២៥៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក, ទី២៖ឈ្មោះ ជា ម៉េងគៀង ហៅប៊ី អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៣អឺ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី៣៖ឈ្មោះ សុខ ឧត្តម ហៅប៉ែត អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទាំង៣នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ មិនបានសម្រេចបណ្តាលឲ្យ ជនរងគ្រោះដួលម៉ូតូរងរបួស) បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕