(កំពង់ចាម)៖ លោកឧកញ៉ា ជា លាងហុង និងលោកស្រី បាននាំនូវអំណោយជាសម្ភារសិក្សាមួយចំនួនធំ ផ្តល់ជូនសាលាបឋមសិក្សា មេព្រីង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាមនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកឧកញ៉ា ជា លាងហុង និងលោកស្រី ព្រមទាំងអ្នកនាង វៃ យូរឈៀង អគ្គនាយិកាហាងកែសម្ភស្ស អ៊ែរលី (Air Lee) លោក ជា ច័ន្ទរស្មី និងក្រុមគ្រួសារ បាននាំនូវអំណោយជាសម្ភារសិក្សាមួយ ចំនួនធំ និងថវិកាផ្តល់ជូន ប្អូនៗក្មួយៗសិក្សានុសិស្ស សាលាបឋមសិក្សាមេព្រីង ស្ថិតក្នុងភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។
យោងតាមការគូសបញ្ជាក់របស់លោក សន ខុម នាយកសាលាបឋមសិក្សាមេព្រីង បានលើកឡើងថា បវេសនកាលឆ្នាំសិក្សាថ្មី ២០១៩ ២០២០ សាលាបឋមសិក្សាមេព្រីង កំពុងខ្វះខាតជាច្រើននូវសម្ភារសិក្សាមួយចំនួន និងសម្ភារសម្រាប់ក្មេងៗតូច ដូចជាទោង ក្តាររំអិល ដែលតម្រូវការរបស់ក្មេងៗនៅពេលចេញលេងសម្រាកម្តងៗ។
ស្របពេលនេះដែរលោក សន ខុម បានថ្លែងអំណរគុណដល់លោកឧកញ៉ា ជា លាងហុង និងលោកស្រី បានគិតគូរយកចិត្តទុកដាក់នាំនូវអំណោយជាសម្ភារសិក្សាជាច្រើន និងថវិកាមួយចំនួនផ្តល់ជូន ប្អូនៗក្មួយៗ លោកគ្រូ អ្នកគ្រូ ទាំងអស់នៅក្នុងសាលាបឋមសិក្សាមេព្រីង។
លោកឧកញ៉ា ជា លាងហុង បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់អំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គឺមានកុមារ កុមារកំព្រា និងកុមាពិការមិនតិចទេ ដែលបានពុះពារខិតខំប្រឹងសិក្សា និងទទួលបានចំណេះ ជំនាញដ៏ពិតប្រាកដ និងទទួលបានជោគជ័យ ហើយក៏បាននិងកំពុងទទួលបានការងារល្អប្រសើរផងដែរ។
លោកក៏បានផ្តាំផ្ញើដល់កុមារទាំងអស់ ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សា អនាម័យក្នុងការរស់នៅដូចជា រស់នៅស្អាត ហូបស្អាត ត្រូវចៀសឱ្យផុតពីគ្រឿងញៀន ត្រូវប្រឹងប្រែង និងខិតខំរៀនសូត្រ រីឯសម្រាប់ លោកគ្រូ អ្នកគ្រូវិញ ត្រូវបន្ថែមការយកចិត្តទុកដាក់ក្នុងការថែទាំ និងអប់រំកុមារ អោយដូចជាកូនបង្កើតរបស់ខ្លួនផងដែរ។
លោកឧកញ៉ា ជា លាងហុង និងលោកស្រី ព្រមទាំង អ្នកនាង វៃ យូរឈៀង, លោក ជា ច័ន្ទរស្មី និងក្រុមគ្រួសារ បាននាំនូវអំណោយជាសម្ភារសិក្សាមួយចំនួនធំ និងថវិកាផ្តល់ជូន ប្អូនៗក្មួយៗសិក្សា នុសិស្ស រួមមាន៖ សៀវភៅ ប៊ិច កាតាប ថវិកា និងថវិកាមួយចំនួន លោកគ្រូ អ្នកគ្រូ ទទួលបានថវិកាមួយចំនួន ឧបត្ថម្ភថវិកាសម្រាប់សិស្សានុសិស្ស ដែលបានរៀនពូកែ ឧបត្ថម្ភថវិកា ជូននាយកសាលា សម្រាប់បំពាក់គ្រឿងបរិក្ខារផ្សេងៗនៅក្នុងសាលាបឋមសិក្សាមេព្រីង៕