(ព្រៃវែង)៖ លោកបណ្ឌិត ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកកំចាយមារ បានលើកទឹកចិត្តឲ្យយុវជនដែលជាសិស្សានុសិស្ស នៅក្នុងវិទ្យល័យ ហ៊ុន សែន កំចាយមារ ខេត្តព្រៃវែង ខិតខំចាប់យកនូវកាលានុវត្តភាពថ្មីៗ ដែលជាការខិតខំរបស់រាជរដ្ឋាភិបាល ពិសេសអភិក្រម និងវិធីសាស្ដ្រថ្មីៗ របស់ក្រសួងអប់រំ យុវជន និងកីឡា ខណៈដែលកម្ពុជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងសមាហរណកម្ម ទាំងក្នុងកម្រិតតំបន់ និងពិភពលោក។
លោកបណ្ឌិត ស្តើង សុខុម បានជំរុញបែបនេះ ក្នុងឱកាសអញ្ជើញបើកបរវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅវិទ្យាល័យហ៊ុនសែន កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីលោក លោកស្រី ប្រធានអនុប្រធាន សមាជិកក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ក្នុងស្រុកកំចាយមារ, អភិបាលស្រុក ប្រធានអនុប្រធានការិយាល័យជុំវិញស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្សប្រមាណ ២,១៣៣នាក់។
លោកបណ្ឌិត ស្តើង សុខុម បានគូសរំលេចអំពីខ្លឹមសារដ៏មានសារសំខាន់ នៅក្នុងសារលិខិតបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគ្របដណ្តប់ទាំងស្រុង ទៅលើការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា។ លោកបណ្ឌិតបានបន្តថា នៅក្នុងសារលិខិតនោះ បុគ្គលសំខាន់ៗ ដែលជំរុញលើកទឹកចិត្តដល់យុវជន និងកុមារឲ្យទៅសាលារៀន គឺឪពុកម្តាយ, អាណាព្យាបាល, សហគមន៍ និងលោកគ្រូ អ្នកគ្រូ។
លោកប្រធានក្រុមការងារ បានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកការបណ្តុះបណ្តាលធនធានមនុស្ស គឺជាគោលដៅអាទិភាព ទីមួយនៅក្នុងចំណោម អាទិភាពទាំង៤ ដែលបានកំណត់ក្នុងយុទ្ធសាស្ដ្រចតុកោណ សម្រាប់អនុវត្ដនៅគ្រប់ដំណាក់កាលទាំងអស់។ រាជរដ្ឋាភិបាល ក៏បានជំរុញឲ្យក្រសួងអប់រំធ្វើកំណែ ទម្រង់ស៊ីជម្រៅ និងគាំទ្រចំពោះអភិក្រម និងវិធីសាស្ដ្រថ្មីៗ របស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកបានបញ្ជាក់ថា អភិក្រម និងវិធីសាស្ដ្រថ្មីៗ របស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីគោលដៅបង្កើនសមត្ថភាពប្រកួតប្រជែង របស់យុវជនកម្ពុជា ក្នុងការចាប់យកកាលានុវត្ដភាពថ្មីៗ ខណៈដែលកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងសមាហរណកម្មទាំងក្នុងកម្រិតតំបន់ និងពិភពលោក។ ចំណុចនេះ លោកបានអំពាវនាវឲ្យយុវសិស្សទាំងអស់ ត្រូវតែខិតខំចាប់យក ឲ្យបាននូវកាលានុវត្តភាពនេះ ដើម្បីបង្កើនសមត្តភាពរបស់ខ្លួន ឲ្យក្លាយជាធនធាន ប្រកបដោយថាមភាព។
លោកប្រធាន ក៏បានលើកឡើងពាក់ព័ន្ធតួនាទីរបស់លោកគ្រូ អ្នកគ្រូថា លោកគ្រូ អ្នកគ្រូ ក៏មានតួនាទីសំខាន់សម្រាប់ដើរតួ ជាអ្នកផ្តល់ចំណេះដឹង ជាបុគ្គលគំរូ និងជាឪពុកម្តាយ ជាមគ្គុទេ្ទសក៏ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត។ ដើម្បីអាចដើរតួជាបុគ្គលទាំងអស់នេះបាន គឺលោកគ្រូ អ្នកគ្រូ ត្រូវតែបង្កើនសមត្ថភាពខ្លួនឯង និងស្រាវជ្រាវរកវិធីសាស្ត្រ ក្នុងការបង្រៀនព្រមទាំងសិក្សា លើជំនាញបច្ចេកវិទ្យាព័ត៌មាន ភាសាបរទេស និងស្រាវជ្រាវ រកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្ស ដើម្បីអនុវត្តខ្លួនទៅជាពលរដ្ឋសកល។
លោកក៏បានផ្តល់ជាគំនិត ឲ្យមានការបង្កើតជាក្លឹបសិក្សា បង្កើតជាក្រុមជំនាញ ជួយដល់សិស្សនៅក្នុងវិទ្យាល័យ ពិសេសសិស្សដែលខ្វះលទ្ធភាព ក្នុងការរៀនគួរបន្ថែម។ លោកបណ្ឌិត ស្តើង សុខុម ក៏បានផ្តល់ជាគំនិត ដល់សិស្សានុសិស្ស និងយុវជនទាំងអស់ឲ្យខិតខំប្រឹងប្រែង សង្វាតរៀនសូត្រ និងចូលរួមគាំទ្ររាល់សកម្មភាពដែលទាក់ទងនឹងការអប់រំ។ ផ្ទុយមកវិញសិស្សទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងការប្រព្រឹត្តអំពើ អបាយមុខផ្សេងៗ។
លោកបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានខិតខំកសាងនូវសមិទ្ធផលយ៉ាងច្រើន ពិសេសក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ នេះ បន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ។ ជាក់ស្តែងវិស័យអប់រំរាជរដ្ឋាភិបាល បានរុញសាលារៀន ទៅជិតផ្ទះប្រជាជន និងបានពង្រាយទៅដល់ គ្រប់ទិសទីទូទាំងប្រទេស ក្នុងគោលបំណងតែមួយគត់ គឺជំរុញឲ្យកូនចៅប្រជាជនបានចូលរៀនគ្រប់ៗគ្នា។
រាជរដ្ឋាភិបាលបានខិតខំវិភាជ ថវិកាបន្ថែមប្រចាំឆ្នាំ ដល់វិស័យអប់រំដើម្បីជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូបង្រៀន ដែលជាអាទិភាពចម្បងដើម្បីបំពេញបន្ថែម ដល់ការងារពង្រាយគ្រូ និងជំនួសគ្រូចូលនិវត្ដន៍ ការធ្វើវិក្រឹត្យការគ្រូបង្រៀន ការកែលម្អកម្មវិធីសិក្សា ការធ្វើអធិការកិច្ច ការពង្រឹងសមត្ថភាពគ្រប់គ្រង។ រាជរដ្ឋាភិបាល បានកសាងផ្លូវថ្នល់ផ្លូវលំ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងផ្តល់ភាពងាយស្រួល ដល់ប្រជាជនក្នុងការងារចិញ្ចឹមជីវិត លើកស្ទួយកម្រិតជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។
លោកបានបន្តថា អ្វីៗរាជរដ្ឋាភិបាលបានធ្វើច្រើណាស់មកហើយដូច្នេះ បញ្ហាដែលនៅសេសសល់ គឺអាស្រ័យលើប្រជាពលរដ្ឋម្នាក់ៗ ជាអ្នកដែលត្រូវប្រឹងចាប់យកនូវ កាលានុវត្តភាពនេះ ឲ្យបានដូចជារាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំប្រទេស លោកបានរុញសាលារៀនទៅដល់ជិតផ្ទះបងប្អូន ហើយតែបើបងប្អូនមិនបញ្ជូនកូនទៅសាលារៀន កូនចៅរបស់បងប្អូន ពិតជាមិនអាចទទួលបានចំណេះដឹងនោះទេ ហើយបើគ្មានចំណេះដឹង ហើយពួកគេក៏មិនអាចមានសមត្ថិភាពកសាងខ្លួន និងក្រុមគ្រួសារបានល្អ ដូចអ្នកដែលមានចំណេះដឹងនោះទេ។ រាជរដ្ឋាភិបាលខិតខំកសាងផ្លូវ កសាងប្រឡាយទឹក តែបើបងប្អូនមិនខិតខំប្រឹងប្រែង ធ្វើស្រែចំការវាក៏មិនបានជាប្រយោជន៍នោះដែរ។
លោកប្រធានក្រុមការងារ ក៏បានធ្វើការបញ្ជាក់ផងដែរថា ចាប់តាំងពីប្រទេសជាតិ បានទទួលសន្តិភាពពេញលេញតាំងពី ឆ្នាំ១៩៩៨ ក្រោមនយោបាឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋកម្ពុជា បានទទួលផ្លែផ្កាពីសុខសន្តិភាពនេះយ៉ាងច្រើន។ គ្រប់គ្នាអាចធ្វើដំណើរទៅណាមកណា និងពេលណាក៏បាន ដោយគ្មានការព្រួយបារម្ភ និងការភ័យខ្លាចដូចកាលពីមុនទៀតឡើយ។
ប្រជាពលរដ្ឋមានសេរីភាពគ្រប់បែបយ៉ាង ក្នុងការប្រកបមុខរបររកទទួលទាន និងធ្វើការងារទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន និងជ្រើសរើសទីកន្លែងដែលខ្លួនចង់។ យុវជនជ្រើសរើសការសិក្សា ទៅតាមជំនាញ និងទីកន្លែងដែលខ្លួនចង់។ ការរីកចម្រើន នៃសេដ្ឋកិច្ចជាតិ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស បានធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាលំដាប់។ ទាំងអស់នេះ គឺបានមកពីកត្តាសន្តិភាព ដែលជាវត្ថុបំណងដ៏ពិសិដ្ឋរបស់ពលរដ្ឋខ្មែរគ្រប់ៗគ្នា។
លោកបណ្ឌិត ស្តើង សុខុម បានបន្តថា កត្តាសុខសន្តិភាព គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសជាតិរបស់យើង មានសន្តិភាពប្រជាជនរបស់ យើងបានកំពុងរស់នៅយ៉ាងសុខដុមរមនាដោយគ្មានការភ័យខ្លាច។ ក៏ប៉ុន្តែថ្មីៗនេះ ពួកឧទ្ទាមក្រៅច្បាប់មួយក្រុម ដែលបានកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដែលមាន សម រង្ស៊ី ជាមេខ្លោងបានបង្ហាញចេតនានាំយកសង្គ្រាម និងការកាប់សម្លាប់ជាថ្មីមកកម្ពុជា តាមរយៈនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។
លោកអះអាងថា ទង្វើរបស់ទណ្ឌិត សម រង្ស៊ី កំពុងតែធ្វើនេះ គឺជាការប៉ុនប៉ងបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ ការញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ។ ដូចនេះគម្រោងផែនការវិលចូលកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក គឺជាគម្រោងនៃចលនាឧទ្ទាមសុទ្ធសាធ ហើយដែលនឹងនាំទៅដល់ការបំផ្លាញសុខសន្តិភាព និងការបំបែកបំបាក់ជាតិ ដែលអាចបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរ មិនអាចប៉ាន់ស្មានបាន ចំពោះជាតិ និងប្រជាជនកម្ពុជា។
លោកប្រធានក្រុមការងារថ្នាក់ជាតិ បានធ្វើការពន្យល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថា គម្រោងផែនការវិលចូលកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៊ី នាពេលនេះគឺខុសស្រឡះ ពីសកម្មភាពនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្ស៊ី កាលពីឆ្នាំ២០១៣ ដែលនៅពេលនោះ សម រង្ស៊ី ជាប្រធានគណបក្សនយោបាយស្របច្បាប់មួយ មកចូលរួមបោះឆ្នោតដោយទទួលបានការប្រោសព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រតែមកលើកនេះ សម រង្ស៊ី គឺជាទណ្ឌិត និងជាមេឧទ្ទាម។
ជាមួយនេះ លោក ស្តើង សុខុម ក៏បានពន្យល់ពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស អំពីទិដ្ឋភាពផ្លូវច្បាប់ និងទោសទណ្ឌចំពោះជនទាំងឡាយណាដែល ជាប់ពាក់ព័ន្ធទៅអំពើធ្វើរដ្ឋប្រហារ បទល្មើសនេះ ត្រូវបានផ្តន្ទាទោសជាប់គុកមិនតិចជាង១៥ឆ្នាំនោះទេ សម្រាប់ប្រជាពលរដ្ឋស៊ីវិល។ ដូចនេះបងប្អូនទាំងអស់ ត្រូវមានការពិចារណាឲ្យបានម៉ត់ចត់ កុំជឿការឃោសនាបោកប្រាស់របស់ពួកប្រឆាំង ព្រោះពួកគេធ្វើគេទទួលបានផលប្រយោជន៍របស់គេ តែយើងជាប្រជាពលរដ្ឋមិនទទួលបានអ្វីទាំងអស់ហើយពេលខ្លះត្រូវប្រឈមជាមួយច្បាប់ទៀត។
ជាមួយកាលលាតត្រដាងអំពីឧបាយកលរបស់ពួកឧទ្ទាម លោកបណ្ឌិត ស្តើង សុខុម បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ខិតខំធ្វើការងារទៅតាមជំនាញ និងប្រកបរបរកទទួលទាន ជាធម្មតានៅក្នុងមូលដ្ឋានរបស់យើង កុំទៅចូលរួមក្នុងសកម្ម ភាពណាមួយនៃផែនការនេះ ហើយជំនួសមកវិញដោយការចូលរួមអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ការចូលរួមសប្បាយរីករាយ ក្នុងព្រះរាជពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និងចូលរួមពិសារអំបុកឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៩ វិច្ឆិកា ដើម្បីរួបរួមគ្នាការពារជាតិ សាសនា ព្រះមហាក្សត្រ។
នៅក្នុងឱកាសនោះលោកបណ្ឌិត ស្តើង សុខុម ក៏បានចាត់តាំងឲ្យលោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុម ការងារថ្នាក់ជាតិចុះ ស្រុកកំចាយមារ រៀបចំពិធីទទួលទានអំបុក នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំចាយមារ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ក្នុងខ្លឹមសារអកអំបុកថែជាតិ សាសនា ព្រះមហាក្សត្រ៕