(ឧត្តរមានជ័យ)៖ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ២រូបទៀត នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើលិខិតស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារយល់ឃើញថា សម រង្ស៉ី ដែលជាមេចលនាឧទ្ទាមខុសច្បាប់ គឺជាជនក្បត់ជាតិយ៉ាងពិតប្រាកដ។ នេះបើយោងតាមលិខិតរបស់អ្នកទាំង២ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ។
អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ទាំង២រូបនោះ រួមមាន៖
*ទី១៖ លោក សន ថា អាយុ៦៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ លោកមានតួនាទី គឺជាអតីតប្រធានប្រតិបត្តិ នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងឃុំត្រពាំងប្រាសាទ ក្នុងស្រុកត្រពាំងប្រាសាទ។
*ទី២៖ លោក ទិន ប៊ុនធឿន អាយុ៥៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ លោកមានតួនាទី គឺជាអតីតប្រធានប្រតិបតិ្តស្រុក ស្រុកត្រពាំងប្រាសាទ អតីតគណបក្សសង្គ្រោះជាតិ។
យោងតាមលិខិតស្នើសុំ ដែលផ្ញើទៅប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ អ្នកទាំងពីរបានអះអាងថា ដោយមើលឃើញភាពអសកម្ម និងអំពើក្បត់ជាតិរបស់គណបក្ស សង្គ្រោះជាតិ ពិសេសទណ្ឌិត សម រង្ស៉ី បានប្រព្រឹត្តអំពើក្បត់ជាតិ ក្រោមផែនការផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរចុងកាណុងប្រឆាំងជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ ធ្វើឲ្យពួកគេអស់ជំនឿចិត្ត លើការដឹកនាំរបស់អតីតគណបក្សសង្រ្គោះជាតិតទៅទៀត ទើបធ្វើឲ្យពួកគាត់សម្រេចចិត្ត ចូលរួមរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាមេគ្រួសារដ៏កក់ក្តៅ និងជាទីពឹងនៅថ្ងៃអនាគតសម្រាប់ប្រទេសជាតិ។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី បានប្រកាសវិលចូល ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណង ធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួន ពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំង អំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញ ដោយបង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
សាររបស់ជនក្បត់ជាតិ សម រង្ស៊ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។
ជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ច បានព្រមានថាអ្នកចូលរួម និងគាំទ្រដល់ផែនការរដ្ឋប្រហាររបស់ លោក សម រង្ស៉ី នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលប្រឈមនឹងការដាក់ពន្ធនាគារពី១៥ រហូតដល់៣០ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលចូលសារភាព ទទួលស្គាល់កំហុសនឹងត្រូវអនុញ្ញាតឱ្យរួចទោសឡើងវិញ៕