(កោះកុង)៖ នាយឧត្តមសេនីយ៍ យន្ដ មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារចុះជួយខេត្តកោះកុង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ កុំចាញ់បោកនូវ ការឃោសនាអកុសលរបស់ក្រុមឧក្រិដ្ឋជនក្បត់ជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល បំផ្លាញសុខសន្ដិភាព។
ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ យន្ដ មីន ក៏បានណែនាំឲ្យប្រជាពលរដ្ឋត្រូវរួបរួមសាមគ្គី ថែរក្សាសុខសន្ដិភាព ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដឹកនាំខិតខំរកបានដោយលំបាក រហូតមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ កុំឲ្យបាត់បង់ឲ្យសោះ។
គួរជម្រាបថា ក្នុងពិធីបើកបវេសនកាល ក្នុងអនុវិទ្យាល័យជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំអិល ក៏បាននាំនូវ សៀវភៅ៥០០ក្បាល ប៊ិច ខ្មៅដៃ ៥០០ដើម ថវិកា១លានរៀល និងជាពិសេសជួយអាគារទីចាត់ការមួយខ្នងផងដែរ។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ យន្ត មីន បានផ្តាំផ្ញើក្នុងអង្គពិធីត្រូវជួយគ្នា អនុវត្តភូមិឃុំ មានសុវត្តិភាពទាំង៩ចំណុច ជាពិសេសត្រូវជួយគ្នាលុបបំបាត់ ឲ្យបាននៅបញ្ហាគ្រឿងញៀន ក្នុងមូលដ្ឋានឲ្យបាន ហើយប្រាប់កូនចៅខិតខំរៀនសូត្រដើម្បីអនាគតគ្រួសារ ដើម្បីអនាគតប្រទេសជាតិ និងដើម្បីអនាគត យកចំណេះដឹង មកអភិវឌ្ឍន៍វត្តភូមិឃុំ និងសូមឲ្យមាតាបិតាសិស្សានុសិស្ស ខិតខំ ជំរុញគាំទ្រកូនៗឲ្យបានចូលរៀនគ្រប់ៗគ្នា។
ទន្ទឹមនឹងនោះ នាយឧត្តមសេនីយ៍ យន្ដ មីន ក៏បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍បើកបរដោយប្រុងប្រយ័ត្ន ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ៕