(ព្រះសីហនុ)៖ អគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៩យប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយឆេះផ្ទះលក់គ្រឿងអគ្គិសនីរបស់ជនជាតិចិន ស្ថិតនៅក្រុម២ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះថា ក្នុងហេតុការណ៍គ្រោះអគ្គិសនីនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន២គ្រឿង ដោយប្រើប្រាស់ទឹកអស់ប្រមាណ១៤ឡាន ដើម្បីជួយសង្គ្រោះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ទីតាំងដែលបង្កជាគ្រោះអគ្គិភ័យនេះ មានម្ចាស់ឈ្មោះ ប៊ូរ សុខ ប៉ុន្ដែបានជួលបន្ដឲ្យជនជាតិចិន ដើម្បីបើកលក់គ្រឿងអគ្គិសនី។ ដោយឡែកសម្រាប់មូលហេតុ មិនទាន់ត្រូវបានលោកស្នងការបញ្ជាក់ឲ្យដឹងនៅឡើយទេ ពោលកំពុងធ្វើការស្រាវជ្រាវបន្ដ។
យ៉ាងណាមិញ សម្រាប់គ្រោះថ្នាក់សង្គមនេះ មិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយគ្រាន់តែបំផ្លាញសម្ភារមួយចំនួន និងមិនបណ្ដាលឲ្យរាលដាលទៅកន្លែង ផ្សេងនោះឡើយ៕