(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបរិវេនវិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពឹស បានប្រារព្ធពិធី បើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ព្រែកកំពឹស។
ក្នុងពិធីដ៏អធឹកអធមនេះផងដែរ ក៏មានការចូលរួមពីអជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពឹស អាណាព្យាបាលសិស្ស ព្រមទាំងចាស់ជរាទីទាល់ក្រនិងទុរគត់ជន សរុបជាង១,០០០នាក់ និងបានទទួល នូវនំបុ័ង ការ៉េម ទឹកក្រូច ទឹកសុទ្ធ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មកបរិភោគរួមគ្នាក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងការចូលរួមអបអរសាទរ ចំពោះពិធីបើកបវេសនកាលថ្មីនៃវិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពឹស នាឆ្នាំនេះ និងបានសម្តែងការអបអរសាទរចំពោះលទ្ធផលសិក្សា របស់ក្មួយៗសិស្សានុសិស្ស ដែលបានសម្រេចជោគជ័យក្នុងឆ្នាំកន្លងមក ក៏ដូចជាសម្តែងការអបអរសាទរចំពោះលោកនាយក លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានចូលរួមសហការគ្នាយ៉ាងល្អ ក្នុងការគ្រប់គ្រង អប់រំ បណ្តុះបណ្តាលកូនក្មួយសិស្សានុសិស្ស ឲ្យក្លាយជាកូនល្អ សិស្សល្អ ដែលជាធនធានដ៏មានតម្លៃ មានគុណភាព មានប្រសិទ្ធិភាព ក្នុងការចូលរួមជួយជ្រោងគ្រួសារ បម្រើសង្គម និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនសម្បូរសប្បាយតទៅមុខ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានថ្លែងអំណរគុណផងដែរចំពោះអជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបាន ផ្តល់សេវា និងបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងការរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស ក៏ដូចជា ថ្លែងអំណរគុណចំពោះ កងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទដែលបានចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិសង្កាត់ នារយៈកាលកន្លងមកប្រកបដោយសុខសុវត្ថិភាព ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកយកនូវខ្លឹមសារឯកសារជំនួយស្មារតី សម្រាប់ការងារសាធារណ:មតិ មកជម្រាបជូននិងពន្យល់ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស ក៏ដូចជាលោកលោកស្រីលោកយាយ លោកតា ដែលបានចូលរួមក្នុងកម្មវិធីបើកបវេសនកាលសិក្សានេះ ឲ្យបានយល់ជ្រួតជ្រាបពីសភាពការណ៍ថ្មីៗ ដើម្បីជាជំនួយស្មារតី ពង្រឹងសតិអារម្មណ៍ កុំឲ្យលង់ខ្លួនជឿតាមឧបាយកល ដ៏ពិសពុលរបស់ ក្រុមឧទ្ទាមក្រៅច្បាប់ ដែលបាននិងកំពុងព្យាយាមរកវិធីបំផ្លាញសុខសន្តិភាព នៃសង្គមជាតិយើង។ លោកឧត្តមសេនីយ៍ឯក បញ្ជាក់ច្បាស់ៗថា៖ «បើបងប្អូនចូលរួមក្នុងសកម្មភាពណាមួយ ជាមួយពួកឧទ្ទាមក្រៅច្បាប់ទាំងនេះ នឹងនាំឲ្យមានទោសធ្ងន់ធ្ងរដល់ខ្លួន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សទាំងអស់ ត្រូវតែចូលរួមគាំទ្រក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍សង្គមជាតិក្រោមម្លប់សន្តិភាពសម្តេចតេជោនៃយើងទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិ កាន់តែរីកចម្រើនរុងរឿងតទៅមុខទៀត»។
ព្រមជាមួយពិធីបើបវេសនកាល ដ៏អធឹកអធមនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានប្រគល់រង្វាន់លើកទឹកចិត្តដល់ សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេសAម្នាក់ និទ្ទេសBម្នាក់ និងសិស្សមធ្យមសិក្សាបឋមភូមិ ដែលទទួល បានចំណាត់ខ្ពស់ជាងគេម្នាក់ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ នៅវិទ្យាល័យ ហ៊ុន សែន ព្រែកកំពឹស តាមការសន្យា និងបានអនុវត្តរួច០៣ឆ្នាំជាប់គ្នាកន្លងមកហើយ។ សិស្សមធ្យមសិក្សាទុតិយភូមិ និទ្ទេសA ឆ្នាំនេះឈ្មោះ ញ៉ែម ចាន់ស្រីពី ភេទស្រី ទទួលបានម៉ូតូម៉ាក HONDA DREAM C125សេរីឆ្នាំ២០២០មួយគ្រឿង រួមជាមួយកុំព្យូទ័រយួរដៃ០១គ្រឿង។ សិស្សនិទ្ទេសBឈ្មោះ ដន សុវណ្ណតារ៉ា ភេទប្រុស ទទួលបានព្យូទ័រយួរដៃ០១គ្រឿង រួមជាមួយថវិកា៤០ម៉ឺនរៀល និងសិស្សមធ្យមសិក្សាបឋមភូមិចំណាត់ថ្នាក់លេខ១ ឈ្មោះ រិទ្ធិ សុវណ្ណរ័ត្ន ភេទស្រី ទទួលបានព្យូទ័រយួរដៃ០១គ្រឿង រួមជាមួយថវិកា៤០ម៉ឺនរៀល ដូចសិស្សនិទ្ទេសBដែរ។
ក្រៅពីនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូក្នុងវិទ្យាល័យ និងអនុវិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពឹសទាំងអស់ចំនួន៦០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា០២ម៉ឺនរៀល សិស្សានុសិស្សទាំងអស់ចំនួន៨១៣នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ០២ក្បាល ប៊ិច០២ដើម ខ្មៅដៃ០១ដើម ថវិកា០៥ពាន់រៀល។ និងបានប្រគល់ជូននូវអង្ករ ២៧ការ៉ុង ថវិកា ២,៤០០,០០០រៀល (០២លាន ០៤សែនរៀល) ជូនដល់ទុរគតជនចំនួន១៦គ្រួសារក្នុងសង្កាត់ព្រែកកំពឹស ដែលឯកឧត្តមតែងបានជួយឧបត្ថម្ភជាប្រចាំរៀងរាល់ខែជាច្រើនឆ្នាំកន្លងមក៕