(ព្រះវិហារ)៖ ផ្លូវគមនាគមន៍ជាច្រើនខ្សែ នៅក្នុងខេត្តព្រះវិហារ រួមមានផ្លូវជាតិ ផ្លូវក្រាលគ្រួសក្រហម ដែលស្ថិតក្រោមការគ្រប់គ្រងមើលថែទាំ ដោយមន្ទីរសាធារណការ និងដឹជញ្ជូនខេត្តព្រះវិហារ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកាល ពីឆ្នាំកន្លងទៅ ត្រូវបានធ្វើការជួសជុលថែទាំឡើងវិញ ស្ទើរតែសម្រេចបាន១០០% ទៅហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានលើកឡើងថា ក្រោយជំនន់ទឹកភ្លៀងដែលបណ្តាល ឱ្យខូចខាតផ្លូវថ្នល់ជាច្រើនកន្លែងរួមមានផ្លូវជាតិ និងផ្លូវក្រាលគ្រួសក្រហមនោះ រូបលោកបានបានចាត់ក្រុមការងារថែទាំជួសជុលផ្លូវ របស់មន្ទីរសាធារណការជាច្រើនក្រុម ចុះតាមគោលដៅរៀងៗខ្លួន ធ្វើការជួសជុលឡើងវិញសម្រេចបានស្ទើរតែ១០០% ទៅហើយ។
ប្រធានមន្ទីរ បានបន្តថា ដោយអនុវត្តន៍តាមការណែនាំ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានណែនាំឱ្យមន្ទីរសាធារណការគ្រប់រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់មើលការថែទាំជួសជុលផ្លូវថ្នល់ឱ្យបានល្អនោះ មន្ទីរសាធារណការ ខេត្តព្រះវិហារ បានចាត់មន្ត្រីបច្ចេកទេស កម្មករជាច្រើនក្រុមចុះ ជាប់ជាប្រចាំតាមគោលដៅរៀងៗខ្លួន ធ្វើការជួសជុលថែទាំផ្លូវថ្នល់បានយ៉ាងល្អ និយាយឱ្យចំមិនទុកឱ្យផ្លូវណាមួយក្លាយពីសំបុកមាន់ទៅអូរ ព្រែកនោះទេ។
ទាក់ទងនឹងការចុះពិនិត្យមើលដោយផ្ទាល់របស់លោក ចំពោះការជួសជុលថែទាំលើកំណាត់ផ្លូវជាតិលេខ៦២ នៅថ្ងៃនេះ លោក សំ លាងទ្រី បានបន្ថែមទៀតថា ការចុះមកពិនិត្យមើលសកម្មភាពរបស់មន្ត្រីបច្ចេកទេស កម្មករធ្វើនៅពេលនេះ គឺដើម្បីស្វែងយល់ពីការងាររបស់ពួកគេ ហើយម្យាវវិញទៀត អាចនិយាយបានជាការផ្តល់កម្លាំងចិត្តដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ មិនមែនអាងតែយើងប្រធានគេ ជាមេគេ សំងំនៅតែក្នុងការិយាលយ័នោះទេ។
ជាមួយគ្នានោះលោក សំ លាងទ្រី ក៏បានធ្វើការងំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗ គ្នារាល់ពេលធ្វើដំណើរតាមដងផ្លូវ៕