(ភ្នំពេញ)៖ មហាជនបានបើកការរិះគន់ខ្លាំងៗលើនយោបាយការទូតរបស់លោក សម រង្ស៉ី ដែលមានភាពមិនច្បាស់លាស់ចំពោះរដ្ឋាភិបាលចិន ដោយម្តងប្រកាសគាំទ្រ និងម្តងមិនគាំទ្រ។ មហាជនលើកឡើងបែបចំអកថា ភាពមិនច្បាស់លាស់នៃនយោបាយការទូតរបស់លោក សម រង្ស៉ី ជាមួយប្រទេសចិននេះ សូម្បីតែអ្នកតាមដានក៏វ៉ល់ដែរ។
ក្នុងបទសម្ភាសន៍ជាមួយព័ត៌មានចិននាពេលកន្លងទៅ លោក សម រង្ស៉ី បាននិយាយគាំទ្រពេញៗមាត់ចំពោះប្រទេសចិន។ ស្រាប់តែពេលថ្មីនេះ ក្នុងវីដេរបស់ខ្លួន ដែលបង្ហោះលើ Facebook លោក សម រង្ស៉ី បែរជានិយាយប្រឆាំង និងវាយប្រហារខ្លាំងៗលើរដ្ឋាភិបាលចិនទៅវិញ។
តាមរយៈវីដេអូម្តងនិយាយថា ខ្លួន និងគណបក្សរបស់ខ្លួនជាសម្ព័នមិត្តរបស់ចិន ហើយគាំទ្រចិនខ្លាំងជាងបក្សផ្សេងទៀតនៅកម្ពុជា ហើយម្តងបែរប្រកាសប្រាប់ថា ចិនអាក្រក់វិញនេះ គឺជាការបង្ហាញជំហរនយោបាយការទូតគ្មានភាពច្បាស់លាស់ ហើយភាពមិនច្បាស់លាស់នេះសូម្បីតែអ្នកតាមដានក៏វ៉ល់ដែរ។
តាមរយៈភាពមិនច្បាស់លាស់របស់លោក សម រង្ស៉ី ក្នុងនយោបាយការទូតជាមួយប្រទេសចិនេះ ត្រូវបានគេមើលឃើញថា ជាការធ្វើនយោបាយឆក់កណ្តៀត ជាការធ្វើនយោបាយតាមតាមជំនោរខ្យល់ ឬធ្វើនយោបាយឥតមានព្រៀងតាមតែចិត្តនឹកឃើញ។
មានអ្នកវិភាគជាច្រើនបានរិះគន់ និងមើលឃើញថា នយោបាយបែបស្រពិចស្រពិលរបស់លោក សម រង្ស៉ី វាជាការបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរសម្រាប់សង្គមជាតិ។ មួយវិញទៀត ព្រោះតែនយោបាយគ្មានភាពច្បាស់លាស់បែបនេះហើយ ទើបបណ្តាលឱ្យជីវិតនយោបាយរបស់លោក សម រង្ស៉ី ត្រូវទទួលភាពថមថយ និងបរាជ័យជាបន្តបន្ទាប់ ទាំងនៅក្នុងឆាកជាតិ និងអន្តរជាតិ៕