(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌចំកាមន បានចុះបន្តបូមលូនៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ហើយកម្លាំងសណ្ដាប់សណ្ដាប់ខណ្ឌ បានកើបដី និងលាងសំអាតដី នៅចំណុចចិញ្ចើមផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជាមួយនេះផងដែរ រដ្ឋបាលខណ្ឌចំការមន ក៏សូមអាស្រ័យដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមគល់ស្ពានអាកាសក្បាលថ្នល់ទៅខាងផ្លូវព្រះនរោត្តម ដោយស្ថានភាពផ្លូវនេះមានចង្ហុក និងមានទឹកដក់កន្លងមកដែលធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ។
លោក ហៃ សុធី បានឲ្យដឹងថា នៅចំណុចស្ពានអាកាសក្បាលថ្នល់នេះ មានកាដ្ឋានបាននិងកំពុងតែដំណើរការសាងសង់ពង្រីកស្ពានអាកាសបន្ថែម ហើយបច្ចុប្បន្នមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងតែជីកដាក់ប្រព័ន្ធលូថ្មីទំហំ ១.៥០ម ស្របពីមាត់ទន្លេដល់គល់ស្ពានអាកាសក្បាលថ្នល់ផ្នែកខាងជើង (ទល់មុខតារាងបាល់ទាត់) បន្ទាប់ពីជីកដាក់ប្រព័ន្ធលូរួចមក មន្ទីរសាធារណការរាជធានីភ្នំពេញ នឹងបន្តជួសជុល អ៊ុតកៅស៊ូ នៅចំនុចផ្លូវនេះផងដែរជាពិសេស ក៏បានពង្រីកផ្លូវនៅត្រង់ចំណុចស្ពានអាកាសក្បាលថ្នល់នេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោក ហៃ សុធី បញ្ជាក់ថា ក្រោយបញ្ចប់ការដ្ឋានសាងសង់ ចំណុចទីតាំងនេះ ផ្លូវនឹងចាក់អ៊ុតកៅស៊ូអោយស្អាតល្អ។ ដូច្នេះរដ្ឋបាលខណ្ឌចំការមន សូមការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ចំណុចនេះ សូមមេត្តាមានការប្រុងប្រយ័យចំការដ្ឋាន៕