(ត្បូងឃ្មុំ)៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងតែងតែចុះតាមមូលដ្ឋាន ព្រួយបារម្ភពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី រួមទាំងសហការី បានអញ្ជើញបន្តចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកផ្តល់ជូនដល់គ្រួសារជនងាយរងគ្រោះ ជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ និងគ្រួសារក្រីក្រចំនួន ៥៤គ្រួសារ មកពី៧ភូមិ ក្នុងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងបាននាំយកអំណោយសម្រាលការលំបាកសម្រាប់ ចែកជូនប្រជាពលរដ្ឋទាំងអស់។
លោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវដល់អាជ្ញាធរក្នុងមូលដ្ឋានមេឃុំមេភូមិ ត្រូវប្រមូលព័ត៍មានថា ប្រជាពលរដ្ឋណាខ្លះដែលក្រីក្រលំបាក និងជួបបញ្ហានានា សូមរាយការណ៍ទៅអភិបាលក្រុងស្រុក ឬលោកផ្ទាល់ ដើម្បីឲ្យលោកបានដឹង និងជួយបងប្អូនទាន់ពេលវេលា ដោយមិនទុក្ខឲ្យនៅកំព្រា រងារម្នាក់ឯងនោះឡើយ។
បើតាមរបាយការណ៍លោក រស់ សុខន បានឲ្យដឹងថា ចំពោះអំណោយដែលចែកជូនទាំង៥៤គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, ប្រេងឆា២ដប អាវយឺត៥អាវ និងថវិការ៣ម៉ឺនរៀល ព្រមទាំងសំលៀកបំពាក់២កំប្លេរ និងរទេះរុញ១គ្រឿង ដល់កុមារពិការផងដែរ។
លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី ព្រមទាំងសហការី ក៏បានចុះពិនិត្យមណ្ឌលសុខភាពឃុំជាំ ដែលទើបសាងសង់រួច ព្រមទាំងសំណេះសំណាល ចែកថវិការដល់លោកគ្រូអ្នកគ្រូពេទ្យ និងផ្តាំផ្ញើរឲ្យយកចិត្តទុកដាក់ ពិនិត្យព្យាបាល ពលរដ្ឋឲ្យបានល្អប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ផងដែរ៕