(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអញ្ជើញបើកបវេសនាកាល ឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យទួលទំពូង ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ លោក លោកស្រី អភិបាលរងខណ្ឌ គណៈនាយករដ្ឋបាល ប្រធានការិយាល័យចំណុះជំនាញខណ្ឌ និងចៅសង្កាត់ និងសិស្សានុសិស្សយ៉ាង រីករាយក្រៃលែង។

ក្នុងបរវេសនការឆ្នាំសិក្សាថ្មីខាងលើនេះដែរ ក៏មានការចូលរួមពីសំណាក់លោក និងលោកនាយករដ្ឋបាល សាលាខណ្ឌចំការមន ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបប្រមាណជាង៧០០នាក់ ផងដែរ។

ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៃវិទ្យាល័យទួលទំពូងនេះ លោក ថេង សុថុល វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ទាំងផ្នែកបរិមាណ និងគុណភាព និងសំណូមពរដល់មាតាបិតា ត្រូវជួយជំរុញ និងផ្តល់ឱកាសឱ្យកូនរៀនបានចប់ចុងចប់ដើម។

លោកអភិបាលខណ្ឌ បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អ សំខាន់ជាងនេះ ទៅទៀតត្រូវមានចិត្តតស៊ូ ក្នុងនាមជាយុវជន។

លោក ថេង សុថុល ក៏បានអំពាវនាវឱ្យសិស្សានុសិស្សទាំងអស់ត្រូវតែនាំគ្នាគោរពច្បាប់ចរាចរណ៍ ជាពិសេស គឺត្រូវពាក់មួយសុវត្ថិភាព នៅពេលបើកបរម៉ូតូ និងដាក់ខ្សែក្រវ៉ាត់ជានិច្ចពេលបើកបររថយន្ត ហើយក៏អំពាវនាវឱ្យយុវជនទាំងអស់ត្រូវតែឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើបាត់បង់ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ។ លោកបានសំណូមពរដល់មាតាបិតា ត្រូវជួយជំរុញ និងផ្តល់ឱកាសឱ្យកូនរៀនបានចប់ចុងចប់ដើម។

ជាមួយគ្នានោះ លោកអភិបាលខណ្ឌ ក៏បានផ្តល់ដំបូន្មាន ក៏ដូចជាការចែករំលឹកចំណេះដឹងមួយចំនួន ដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ថា៖ ការរៀនសូត្រមិនមែនរៀនលំៗ យករួចខ្លួននោះទេ ពោលត្រូវដាក់ទាំងកាយ និងចិត្ត ក្នុងការរៀនសូត្រក្រេបយកចំណេះដឹង និងចំណេះធ្វើឱ្យបានច្បាស់លាស់ប្រាកដប្រជា សម្រាប់ខ្លួនឯងទៅថ្ងៃមុន។

លោកអភិបាលខណ្ឌបន្តថា សិស្សណាដែលទទួលបានពិន្ទុល្អ និងជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងពេលប្រលង គឺជាការខិតខំរបស់សិស្សនោះហើយ ដែលព្យាយាមនឹងតស៊ូ ក្នុងការប្រឹងរៀនសូត្រ ហើយការប្រឹងប្រែងនៅពេលនេះ គឺជាចំណេះដឹងដ៏ប្រសើរមួយសម្រាប់ខ្លួនឯង យកវាទៅប្រើប្រាស់ ទៅថ្ងៃអនាគត និងដើម្បីប្រើប្រាស់សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងសង្គមជាតិយើងទាំងមូលផងដែរ ឱ្យសមទៅនឹងសុភាសិតខ្មែរនិយាយថា «ពាំងស្នងឬស្សី»។

ក្នុងឱកាសបវេសនការ ខាងលើនេះដែរ លោកអភិបាលខណ្ឌក៏បានធ្វើពិធីប្រគល់បណ្ឌសសើរជូនដល់លោកគ្រូ អ្នកគ្រូ ចំពោះការខិតខំប្រឹងប្រែង បង្ហាត់បង្រៀនក្មួយៗ សិស្សានុសិស្ស ព្រមទាំងបានផ្តល់សម្ភារៈសិក្សា ដល់ក្មួយៗផងដែរ៕