(ភ្នំពេញ)៖ សន្និសីទអាហារូបករណ៍ នឹងត្រឡប់មកវិញជាលើកទី៨ទៀតហើយ នាដើមខែធ្នូខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងចម្ងល់ និងសំណួរសំខាន់ៗ ក៏ដូចជាផ្ដល់នូវគន្លឹះសំខាន់ផ្សេងទៀត សម្រាប់ត្រៀមខ្លួនទុកជាមុន ពីព័ត៌មានបន្ថែមពីតម្រូវការ និងលក្ខខណ្ឌនៃអាហារូបករណ៍ល្បីៗ និងការបង្កើនលក្ខណៈសម្បត្តិ ក្នុងការទទួលបានអាហារូបករណ៍ ទៅក្រៅប្រទេសគ្រប់កម្រិត ដោយមានការចូលរួមពីស្ថានទូតធំៗ ស្ថាប័នផ្ដល់អាហារូបករណ៍ និងអតីតនិស្សិតអាហារូបករណ៍ជាច្រើនរូប មកពីបណ្ដាប្រទេសដូចជា សហរដ្ឋអាមេរិច អូស្ដ្រាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស អាល្លឺម៉ង់ ចិន ថៃ ស៊ីងហ្គាពួរជាដើម បានចូលរួមចែករំលែកចំណេះដឹងផងដែរ។
សន្និសីទអាហារូបករណ៍លើកទី៨ក្នុងឆ្នាំនេះ នឹងផ្ដោតទៅលើប្រធានបទសំខាន់ៗដូចជា៖
* ទី១៖ ស្គាល់អាហារូបករណ៍ល្បីៗ និង អាហារូបករណ៍ដែលគេពុំសូវស្គាល់
* ទី២៖ ស្គាល់លក្ខខណ្ឌជាមូលដ្ឋាន ដែលជាតម្រូវការរបស់អាហារូបករណ៍
* ទី៣៖ បំពេញបែបបទរៀនសរសេរសំណេរអាហារូបករណ៍ និងត្រៀមសម្ភាសន៍
* ទី៤៖ រៀនត្រួតពិនិត្យ និងបង្កើនភាពទាក់ទាញនៃ application form
* ទី៥៖ ស្គាល់និងបង្កើតទំនាក់ទំនងជាមួយរៀមច្បងដែលជានិស្សិតអាហារូបករណ៍
គួរបញ្ជាក់ផងដែរថា សន្និសីទអាហារូបករណ៍នេះត្រូវបានធ្វើឡើងរយៈពេល៧ឆ្នាំជាប់ៗគ្នា ដែលមានការចូលរួមពីសិក្សានុសិស្ស និងនិសិ្សតកម្ពុជាប្រមាណជាង ៩,០០០នាក់ ដែលមានបំណងចង់ដាក់អាហារូបករណ៍ទៅសិក្សាលើមុខជំនាញ និងក្នុងប្រទេសដែលជាក្ដីស្រមៃរបស់ខ្លួន។
ក្នុងរយៈកាល៧ឆ្នាំនេះ មានបណ្ដាអ្នកចូលរួមមួយចំនួន ដែលបានចូលរួមសន្និសីទអាហារូបករណ៍នេះហើយ បានទទួលគន្លឹះសំខាន់ៗក្នុងការត្រៀមខ្លួន និងទទួលបានឱកាសទៅសិក្សានៅក្រៅប្រទេស និងថែមទាំងត្រឡប់មកចូលរួមជាវាគ្មិនដើម្បីចែករំលែកដល់សិស្សនិស្សិតជំនាន់ក្រោយថែមទៀតផង ហើយជាសមត្ថភាព និងសមិទ្ធិផលពីការប្រឹងប្រែង និងការចែករំលែកដ៏មានតម្លៃរបស់បណ្ដានិស្សិតអាហារូបករណ៍។
សន្និសីទអាហារូបករណ៍អនុស្សាលើកទី៨ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹក ដល់៥ល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-កូរ៉េ (CKCC)។ សំបុត្រចូលរួមមានតម្លៃត្រឹម៦ដុល្លារ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៥ វិចិ្ឆកា ២០១៩ និង៧ដុល្លារ បន្ទាប់ពីថ្ងៃទី២៥ដល់ថ្ងៃកម្មវិធី៕