(ភ្នំពេញ)៖ ខេត្តមណ្ឌលគិរី ដែលជាខេត្តមួយសំបូរទៅកំណប់ទេសចរណ៍ជាច្រើន ដែលមានដូចជាភ្នំ ទឹកជ្រោះ និងទេសភាពដ៏ស្រស់បំព្រងនានា នៃធនធានធម្មជាតិយ៉ាងស្រស់ស្អាតជាច្រើន ដែលមានភ្ញៀវទេសចរមួយចំនួនធំនៅមិនទាន់បានស្គាល់នៅឡើយទេ ដើម្បីជាការគាស់បង្ហាញពីកំណប់ទេសចរណ៍ទាំងនេះ ជូនដល់ភ្ញៀវទេសចរនោះ នៅថ្ងៃទី០៩- ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុននេះ ខេត្តមណ្ឌលគិរី និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយ ដែលមានឈ្មោះថាព្រឹត្តិការណ៍ «រម្យនា ហ្វេសស្ទីវ៉ល» ដែលនិងរៀបចំឡើងនៅកណ្ដាលក្រុងសែនមនោរម្យ ដើម្បីបើកបង្ហាញពីកន្លែងទេសចរណ៍ជាច្រើនជូនដល់ភ្ញៀវទេសចរ។
លើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី ព្រឹត្តិការណ៍ទេសចរណ៍ «រម្យនា ហ្វេសស្ទីវ៉ល» ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឱ្យដឹងថា កម្មវិធីព្រឹត្តិការណ៍ទេសចរណ៍ រម្យនា ហ្វេសស្ទីវ៉ល នេះ នឹងមានអត្ថប្រយោជន៍យ៉ាងច្រើនទៅប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី ជាពិសេសសេវាកម្មស្នាក់នៅក៏ទទួលបានផលប្រយោជន៍ អ្នកលក់ដូរក៏ទទួលបានផលប្រយោជន៍ នឹងមានជាច្រើនទៀត ដែលទទួលបានផលប្រយោជន៍ពីព្រឹត្តិការណ៍នេះ។
លោក ងិន សុវិមាន បានបញ្ជាក់ទៀតថា ជាការពិតណាស់ ផ្ទៃដីខេត្តមណ្ឌលគិរី គ្របដណ្តប់ដោយព្រៃឈើ ប្រជុំភ្នំ ខ្ពង់រាប និងសំបូរដោយជ្រលងដងអូរ ខ្វាត់ខ្វែង វាបង្កើតបាននូវរមណីយ ដ្ឋានទេសចរណ៍ជាច្រើនកន្លែង។ ខេត្តនេះក៏មានជនជាតិដើមភាគតិចជាច្រើនរស់នៅ ដែលមានវប្បធម៌ផ្សេងៗគ្នា និងអាចអភិវឌ្ឍជាទេសចរណ៍ជនជាតិដើមភាគតិច បានផងដែរ។
កញ្ញា ឆរដ្ឋ ឆលាភី ស្ថាបនិកព្រឹត្តិការណ៍ទេសចរណ៍ «រម្យនា ហ្វេសស្ទីវ៉ល» បានឱ្យដឹងដែរថាព្រឹត្តិការណ៍ រម្យនា ហ្វេសស្ទីវ៉លនេះ បានបង្កើតឡើងក្នុងគោលបំណង ដូចជាផ្សព្វផ្សាយទីតាំង និងកំណប់ទ្រព្យទេសចរណ៍នៅខេត្តមណ្ឌលគិរី ដែលមានដូចជាភ្នំ ទឹកជ្រោះ ក៏ដូចជាទេសភាពដ៏ស្រស់បំព្រងនានានៃធនធានធម្មជាតិ ដែលជាអេកូទេសចរណ៍នៅក្នុង ខេត្តមណ្ឌលគិរី, ជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកំសាន្តនៅខេត្តមណ្ឌលគិរី និងជួយជំរុញឱ្យមានកំណើននៃការធ្វើដំណើរ កំសាន្តនៅក្នុងស្រុក ជាពិសេសពីភ្ញៀវទេសចរជាតិ, ជួយជំរុញឱ្យមានចលនាសេដ្ឋកិច្ចនៅក្នុងស្រុក និងនៅខេត្តមណ្ឌលគិរី, ផ្តោតសំខាន់ទៅលើការបើកបង្ហាញ រួមជាមួយការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានា ដែលអាចនាំឱ្យមានការទាក់ទាញ និងកើនឡើងនូវសន្ទុះអ្នកវិនិយោគជាតិ និងអន្តរជាតិ, ការបង្កើតព្រិត្តិការណ៍ដែលពោរពេញទៅ ដោយការរចនាបទច្នៃប្រឌិត ដែលជាស្នាដៃរបស់កូនខ្មែរ ដែលភ្ញៀវទេសចរអាចថតរូប ផ្តិតយកទិដ្ឋភាពស្អាតៗ ដែលរួមបញ្ចូលនូវគំនិតវប្បធម៌ និងសិល្បៈប្លែកៗផងដែរ។
កញ្ញា ឆរដ្ឋ ឆលាភី បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ រម្យនា ហ្វេសស្ទីវ៉ល នេះគ្រោងនឹងធ្វើឡើង៤ ដងនាពេលខាងមុខនេះ ដែលមានដូចជាក្នុងឱកាស ព្រះរាជពិធីបុណ្យអំទូក អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៩ ពិធីបុណ្យណូអែល និងចូលឆ្នាំសកល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និង ពិធីចូលឆ្នាំប្រពៃណីខ្មែរ ហើយភ្ញៀវទេសចរណ៍ ជាតិ-អន្ដរជាតិ ដែលបានធ្វើដំណើរទៅលេងមណ្ឌលគីរី យ៉ាងសប្បាយរីករាយសប្បាយ និងចងចាំពីទេសភាពដ៏ស្រស់ត្រកាលនៃសម្រាប់ធម្មជាតិ ហើយមណ្ឌលគិរីជាខេត្ត ដែលមានអំណោយផលធាតុអាកាស ធ្វើឲ្យអ្នកទេសចរមកកំសាន្ដម្ដងហើយចង់មកម្ដងទៀត។
កញ្ញាបន្ថែមថា ព្រឹត្តិការណ៍ទេសចរណ៍នេះ គឺជាការលំហែទេសចរណ៍ ដើម្បីបង្កើតទីតាំងបោះតង់ដែលមានគុណភាពខ្ពស់ ដោយមានការរៀបចំផ្នែកបន្ទប់អនាម័យស្ដង់ដា រួមទាំងបំពាក់ម៉ាស៊ីនទឹកក្ដៅ ។ កញ្ញាថា ដើម្បីឲ្យការកំសាន្ដបោះតង់បែបច្នែប្រឌិតនេះ កាន់តែមានសុខភាព សម្រាប់ភ្ញៀវទេសចរក្នុងតង់នីមួយៗមានពូក ខ្នើយខ្យល់ ភូយ និងចង្កៀង ដែលអាចសាកថ្មគ្រឿងអេឡិចត្រូនិផងដែរ។
លោក សុខ វណ្ណា ប្រធាននាយករដ្ឋានកីឡាទេសចរណ៍ និងសេវាកម្សាន្ត នៃក្រសួងទេសចរណ៍ បានលើកឡើងថា ព្រឹត្តិការណ៍នេះ ក៏ជាបំណងមួយ របស់ក្រសួងទេចរណ៍ ក៏ដូចជារាជរដ្ឋាភិបា ដែលទាមទារឲ្យ ក្រុមហ៊ុនចូលរួមដើម្បីធ្វើយ៉ាងណាឲ្យសហការគ្នា ជំរុញកំណើនទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនានៅក្នុងខេត្តមណ្ឌលគិរី ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ដែលជាក់ស្តែងខេត្តមណ្ឌលគិរី គឺជាខេត្តមួយលិចធ្លូក្នុងវិស័យអេកូទេចរណ៍ផងដែរ៕