Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ផ្តួចផ្តើមធ្វើអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផល នៅក្នុងវត្តទួលសង្កែ

01-11-2019 17:59

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានផ្តួចផ្តើមធ្វើអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផល នៅក្នុងវត្តទួលសង្កែ។

នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្ត្រីទាំងពីរ ព្រមទាំងថ្នាក់ដឹកនាំ ពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត តាមឱវាទព្រះពុទ្ធសាសនា ហើយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែក នឹងដង្ហែរនៃអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តទួលសង្កែ ដែលស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរ៉ុងចំរើនជារៀងរហូតទៅ។

សូមបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើម ធ្វើបន្ទាប់ពី បុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ហើយបើទីអារាមណាមិនមានកឋិនណាមួយ ហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ៕