(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឯកអគ្គរដ្ឋទូតជប៉ុន បន្តជួយសម្របសម្រួល ដើម្បីទាក់ទាញអ្នកវិនិយោគ ជប៉ុនឲ្យបានច្រើនបន្ថែមទៀតមកកម្ពុជា។
ការស្នើសុំបែបនេះរបស់លោក អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាសដែលលោកអនុញ្ញាតឲ្យលោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ជួបសម្តែងការគួរសម ក្នុងខណៈដែលលោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនថ្មីប្រចាំកម្ពុជា ។
ក្នុងឱកាសនោះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក Masahiro MIKAMI ដែលទើបទទួលបានភារកិច្ចបំពេញ បេសកកម្មការទូតនៅកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី សូមអរគុណចំពោះការវាយតម្លៃខ្ពស់ របស់ឯកអគ្គរដ្ឋទូតជប៉ុន ដោយគូសបញ្ជាក់ថា ការសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ដោយកម្ពុជាមានសុខសន្តិភាព ជាមួយនឹងស្ថិរភាពនយោបាយ និងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តដ៏ត្រឹមត្រូវនូវគោលនយោបាយ និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលជប៉ុនដែលបានផ្តល់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា តាំងដើមរៀងមក ដែលសកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ជប៉ុនជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់ ក្នុងការចូលរួមចំណែកគាំទ្រដល់ប្រទេសកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យបានសម្តែង ការកោតសសើរ និងថ្លែងអំណរគុណចំពោះលំហូរទុន និងទំហំការវិនិយោគឯកជនពីប្រទេសជប៉ុន ដែលមានចំនួនកើតឡើង ជាបន្តបន្ទាប់ដែលបានជួយជំរុញអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ ដើម្បីលើកកម្ពស់ ការវិនិយោគពីវិស័យឯកជន, ទាក់ទាញ អ្នកវិនិយោគិន, ភាពប្រកួតប្រជែងដើម្បីជំរុញពិពិកម្មសេដ្ឋកិច្ច, រាជរដ្ឋាភិបាលកម្ពុជា ខិតខំបន្តពង្រឹងច្បាប់, កំណែទម្រង់អភិបាលកិច្ចរួមមាន៖ ការកែលម្អប្រព័ន្ធឡូជីស្ទីក និងការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន, ប្រព័ន្ធគ្រប់គ្រង និងមធ្យបាយដឹកជញ្ជូន សម្រួលដល់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគឲ្យស្របទៅនឹងការរីកចម្រើន នូវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុន បានសម្តែងក្តីសោមនស្សរីករាយ បានមកបំពេញបេសកកម្ម ការទូតនៅកម្ពុជា និងសម្តែងការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានសមិទ្ធផលផ្លែផ្កាជាច្រើន ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការរីកចម្រើន ស្ទើរគ្រប់វិស័យ ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងអត្រា៧.៥%ជាកំណើនមួយខ្ពស់បំផុត ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យកម្ពុជាប្រែក្លាយជាប្រទេស ដែលធ្លាប់មានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
លោក Masahiro MIKAMI បញ្ជាក់ថា ក្នុងអាណិត្តបំពេញភារកិច្ចការទូតនេះ លោកនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តការគាំទ្រនូវការផ្តល់ហិរ្ញញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ពិសេសជំរុញការអភិវឌ្ឍវិស័យឯកជននានា ឲ្យកាន់តែរីកចំរើនបន្ថែមទៀត៕