(ភ្នំពេញ)៖ សម្រាប់រយៈពេល ៩ខែដើមឆ្នាំ២០១៩នេះ ក្រុមហ៊ុន SCG សម្រេចបានចំណូលពីការលក់នៅក្នុងប្រទេសកម្ពុជា ចំនួន១,៣៦៦ប៊ីលានរៀល ស្មើនឹងប្រមាណ៣៣៧លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី៣ និងសម្រាប់រយៈពេល ៩ខែ នៃឆ្នាំ២០១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកានេះ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា នៅក្នុងទីផ្សារកម្ពុជា ចំណូលពីការលក់របស់ ក្រុមហ៊ុន SCG សម្រាប់ត្រីមាសទី៣/ឆ្នាំ២០១៩ សម្រេចបានទឹកប្រាក់ ៤៥៥ប៊ីលានរៀល (១១១លានដុល្លារអាមេរិក) គឺកើនឡើង ១៤% ដែលមួយភាគធំ គឺបានមកពីអាជីវកម្មស៊ីម៉ងត៍-សម្ភារៈសំណង់។
សេដ្ឋកិច្ចកម្ពុជានៅតែសម្រេចបានកំណើនរឹងមាំ ក្នុងអំឡុងត្រីមាសទី៣នៃឆ្នាំនេះ។ លំហូរវិនិយោគទុនផ្ទាល់ពីក្រៅប្រទេស ជាពិសេស ពីប្រទេសចិន កំពុងជំរុញកំណើននៃវិស័យសំណង់ទាំងមូល។ នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាទីក្រុងធំៗមួយចំនួនរបស់កម្ពុជា ដូចជា ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត និងក្រុងបាវិត តម្រូវការនៅតែមានកម្រិតខ្ពស់សម្រាប់ផលិតផលស៊ីម៉ងត៍និងសម្ភារៈសំណង់។
ចំពោះសកម្មភាពថ្មីៗនៅក្នុងប្រទេសកម្ពុជា SCG កាលពីពេលថ្មីៗនេះ ទើបតែបានបង្កើតនូវរូបមន្តថ្មីមួយសម្រាប់ផលិតផល K-Cement។ នេះជានវានុវត្តន៍ថ្មី ដែលបង្កើនសមត្ថភាពផលិតកម្ម ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកើនឡើងនៅក្នុងប្រទេសកម្ពុជា និងជួយកាត់បន្ថយការបញ្ចេញឧស្ម័ន CO2 តាមរយៈការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធផលបំផុត។
ដោយឡែកសម្រាប់លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន SCG ទាំងមូល សម្រាប់ត្រីមាសទី៣/ឆ្នាំ២០១៩ និងសម្រាប់រយៈពេល ៩ខែនៃឆ្នាំ២០១៩ បានបង្ហាញនូវប្រាក់ចំណេញថមថយចុះ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ដែលការថមថយប្រាក់ចំណេញនេះ ជាចម្បង គឺបណ្ដាលមកពីការធ្លាក់ចុះ នៃប្រាក់ចំណេញនៅក្នុងអាជីវកម្មផលិតផលគីមី ដោយសារវដ្ដតម្រូវការទាបស្រាប់ ការថមថយចុះនៃសេដ្ឋកិច្ចសាកល ដែលបង្កឡើងដោយសង្គ្រាមពាណិជ្ជកម្ម និងការឡើងថ្លៃនៃប្រាក់បាតថៃ។
ទន្ទឹមនឹងនេះ អាជីវកម្មស៊ីម៉ងត៍-សម្ភារៈសំណង់ បានរាយការណ៍ពីកំណើននៃប្រាក់ចំណេញ ដែលរុញច្រានដោយកំណើនការលក់នៅក្នុងអាជីវកម្មចែកចាយនិងលក់រាយ។ ជាងនេះទៅទៀត អាជីកម្មវេចខ្ចប់ក៏បានបង្ហាញនូវសក្ដានុពលកំណើនដ៏ខ្លាំងក្លាផងដែរ ជាពិសេស នៅក្នុងទីផ្សារអាស៊ាន។
លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយក ក្រុមហ៊ុន SCG បានបញ្ជាក់ថា «លទ្ធផលប្រតិបត្តិការមិនទាន់ធ្វើសវនកម្មរបស់ក្រុមហ៊ុន សម្រាប់ត្រីមាសទី៣/ឆ្នាំ២០១៩ បានចុះបញ្ជីចំណូលពីការលក់បានចំនួន ១៤,៦៨៩ប៊ីលានរៀល (ស្មើនឹង ៣,៥៩៣លានដុល្លារអាមេរិក) ដែលធ្លាក់ចុះ ១០% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសារតែការធ្លាក់ចុះនៃតម្លៃផលិតផលគីមី ប៉ុន្តែ ចំណូលពីការលក់នៅក្នុងត្រីមាសទី៣នេះ កើនឡើង១% បើធៀបនឹងត្រីមាសទី២ ឆ្នាំនេះ៕