(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីប្រណាំងទូកជាលក្ខណៈប្រពៃណីខ្មែរ ក្នុងរយៈពេល ៣ថ្ងៃ ដែលជាបុណ្យប្រពៃណីជាតិតាំងពីបុរមបុរាណមកម្ល៉េះ។

ជារៀងរាល់ឆ្នាំ ពិធីបុណ្យអុំទូកត្រូវបានប្រារព្ធធ្វើឡើងនៅគ្រប់បណ្តាខេត្តក្រុងទាំងអស់ក្នុងប្រទេសកម្ពុជា ដោយឡែកសម្រាប់ខេត្តស្ទឹងត្រែងនៅក្នុងឆ្នាំនេះ ក៏ត្រូវបានរដ្ឋបាលខេត្ត ប្រារព្ធធ្វើឡើងនៅថ្ងៃទី១-៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយទូកចូលរួមប្រកួតប្រជែងចំនួន១៦ ស្មើនិង៨គូ។
នៅលើផ្ទៃទឹកទន្លេសេកុង នាមុខអតីតសាលាខេត្តចាស់ ទូកចំនួន១៦ ត្រូវបានគេឃើញមានវត្តមានត្រៀមរួចជាស្រេច ដើម្បីធ្វើការប្រណាំងយកជ័យជម្នះក្នុងពិធីនេះផងដែរ ហើយទូកទាំងអស់បានមកពីគ្រប់បណ្តារមន្ទីរអង្គភាព និងតាមបណ្តាស្រុកទាំងអស់ក្នុងដែនដីរដ្ឋបាលខេត្តស្ទឹងត្រែង។
ភ្ជាប់ពិធីប្រណាំងទូកនេះផងដែរ ក៏មានពិធីក្រុងពាលី ដោយមានការអញ្ជើញជាកិត្តិយសពីសំណាក់អភិបាលខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការគ្រប់ឋានានុក្រមចូលរួម ដើម្បីជាកិច្ចចាប់ផ្តើម នៃការបើកពិធីបុណ្យអុំទូកនេះ សម្រាប់ខេត្តស្ទឹងត្រែង៕