(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បន្ទាប់ពីការធ្វើកោសល្យវិច្ច័យយ៉ាងយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញថា នារីរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន មិនមែនជាករណីអ្វីផ្សេងនោះទេ។
ឧត្តមសេនីយ៍ ឯក ឆាយ គឹមខឿន បានបញ្ជាក់ទៀតថា ក្រោយបញ្ចប់ការធ្វើកោសល្យវិច្ច័យ កម្លាំងនគរបាលជំនាញ បានបំពេញសំណុំបែបបទតាមនីតិវិធី ដើម្បីប្រគល់ជូនក្រុមគ្រួសារសព យកទៅកាន់ទឹកដីកំណើតវិញ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សពនារីរងគ្រោះ មិនទាន់ត្រូវបានដឹកចេញពីប្រទេសកម្ពុជានៅឡើយទេ។
សូមរំលឹកថា នារីជនជាតិអង់គ្លេសវ័យ២២ឆ្នាំ ដែលបានបាត់ខ្លូនកាលពី៨ថ្ងៃមុន នៅកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចរកឃើញសពរបស់នាង ដោយអណ្ដែតរហូតទៅដល់ខេត្តកោះកុង ជាប់ព្រំដែនទឹកប្រទេសថៃ ដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រ ពីកោះរ៉ុង នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត។
នាង AMELIA LOUISE បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង ៥ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង ៦ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨៖១៥នាទីយប់ថ្ងៃខែឆ្នាំដដែល ក្នុងគោលបំណងទេសចរណ៍។ មុនបាត់ខ្លូន គេបានប្រទះឃើញនារីនោះលើកចុងក្រោយ នៅម៉ោង៣៖៣០ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង (Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។
ក្រោយបាត់ខ្លួនប្រធានគណៈបញ្ជាការឯកភាពខេត្ត លោក គួច ចំរើន សហការជាមួយនាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ព្រមទាំងមានការចូលរួមពីក្រុមលោកឧកញ៉ា ទៀ វិចិត្រ និងប្រជាពលរដ្ឋរាប់រយនាក់ រហូតមានការប្រើសុខនទៀតផងនោះ បានបើកប្រតិបត្តិការស្វែងរកតាំងពីថ្ងៃបាត់ខ្លួនមកម្ល៉េះ។
នាង AMELIA LOUISE បានចេញពីវៀតណាម កាលពីកំលុងថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០១៩ មកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិបាវិត និងបន្តធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ រហូតបាត់ខ្លួននៅព្រឹកទៀបភ្លឺ ថ្ងៃទី២៤ ខែតុលា ពេលដែលនាងជាមួយមិត្តភក្តិទើបស្គាល់គ្នាជិត ១០នាក់ រៀបចំកម្មវិធីមួយមានឈ្មោះថា «ចាំមើលថ្ងៃរះ» នៅលើកោះរ៉ុង៕