(កណ្តាល)៖ ព្រះចៅអធិការវត្តខន្តីបារមីមានរិទ្ធ ព្រះនាម ឌៀប សាម៉ន មានព្រះថេរៈដិកា បង្ហាញបំណង់ចង់ឃើញសិស្សានុសិស្ស រៀនធម៌ក្នុងមួយថ្ងៃមួយម៉ោងដើម្បីគោរពជាតិ សាសនា និងព្រះមហាក្សត្រ។
ព្រះអង្គមានព្រះថេរៈដិកាដូច្នេះ នៅពេលដែលព្រះតេជគុណនិមន្តចូលរួម ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ នៅសាលាបឋមសិក្សា ហ៊ុន សែន ខន្តីបារមី៧មករា នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាព លោក វ៉ាន អុល និងភរិយា ជាសប្បុរសជនជួយឧបត្ថម្ភគាំទ្រកសាងវត្ត និងសាលាបឋមសិក្សានេះ។
ព្រះចៅអធិការវត្តមានថេរៈដិកា ជំរុញបន្តទៀតថា ត្រូវគោរពជាតិ សាសនា និងព្រះមហាក្សត្រ ពីព្រោះពាក្យថា៖
*ទី១៖ ជាតិ បានន័យថា ទាំងអស់គ្នាទាំងព្រះតេជគុណ មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរ កងកម្លាំង និងសិស្សានុសិស្សទាំងអស់គ្នា ជាអ្នករៀបចំសណ្តាប់ធ្នាប់ឲ្យជាតិបានល្អ។ ជាតិល្អលុះណាតែកុមារា កុមារីទាំងអស់គ្នាជាទំពាំងស្នងឫស្សី អញ្ចឹងទេក្មួយៗ ត្រូវខំរៀនវិជ្ជាឲ្យបានច្រើន ព្រោះវិជ្ជា គឺជាពន្លឺទៅអនាគតរបស់ក្មួយៗ។ ដូច្នេះមាតាបិតាសិស្ស ត្រូវខិតខំជំរុញឲ្យកូនមកសិក្សារៀនសូត្រ ដើម្បីបន្តវេនដូចជាទំពាំងស្នងឫស្សីពិតប្រាកដ។ បើក្មួយៗមិនបានរៀនសូត្រ មិនខិតខំរៀនសូត្រ អញ្ចឹងទំពាំងមិនអាចដុះលូតលាស់បានទេ គឺត្រូវរលួយអស់ហើយ ដល់ពេលនោះជាតិសុទ្ធតែជាអ្នកល្ងង់ទាំងអស់ គ្មានអ្នកចេះដឹង ហើយក៏មិនអាចទ្រទ្រង់ជាតិបានដែរ។
*ទី២៖ សាសនា គឺត្រូវចេះគោរពការរៀនសូត្រប្រតិបត្តិនូវអាកប្បកិរិយាទន់ភ្លន់ផ្អែមល្ហែមរវាងគ្នានិងគ្នា មិនបៀតបៀនគ្នាការសិក្សាតែយុត្តិធម៌។ ពាក់ព័ន្ធនឹងសាសនានេះ ទើបអាត្មាបានស្នើសុំលោកគ្រូ អ្នកគ្រូវដាក់កម្មវិធីឲ្យក្មួយៗរៀនធម៌ដើម្បីលើកស្ទួយសាសនា។
*ទី៣៖ គោរពព្រះមហាក្សត្រ ដែលជាសេចក្តីល្អបរិសុទ្ធមិនលំអៀងចំពោះប្រជារាស្ត្រ។
ថ្លែងទៅកាន់សិស្សានុសិស្សប្រមាណ ៥០០នាក់ លោក វ៉ាន អុល ដែលជាសប្បុរសជន បាននិយាយថា ពេលនេះរាជរដ្ឋាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ ពីការអនុវត្តភាពនៅក្នុង តំបន់ និងអន្តរជាតិដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព។
លោក វ៉ាន អុល បានបន្តទៀតថា ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅទូទាំងប្រទេសសម្រាប់សិស្ស គ្រប់គ្រឹះស្ថាន គឺជាថ្ងៃដែលសិស្សទាំងអស់ អបអរសាទរថ្ងៃចាប់ផ្ដើមជីវិតសិក្សាដំបូង របស់កូនក្មួយ និងចៅតូចៗ ដែលទើបគ្រប់អាយុត្រូវចូលសាលារៀន និងជាថ្ងៃដែលក្មួយៗ សិស្សានុសិស្ស និស្សិតបន្តចូលរៀនសាលារៀន នៅកម្រិតថ្នាក់ខ្ពស់បន្តទៀត ក្នុងមនោសញ្ចេតនា រីករាយកក់ក្ដៅ និងមោទកភាពបំផុត។ ជាមួយគ្នានេះ លោក វ៉ាន អុល និងភរិយា បានផ្តល់ជូនជាអំណោយដល់សិស្សចំនួន ៥០០នាក់ ក្នុងម្នាក់ៗសម្រាប់សិស្សថ្នាក់មតេយ្យទទួល បានសៀវភៅ១ក្បាល ខ្មៅដៃ១ដើម ថវិកា២០០០រៀល។
សិស្សថ្នាក់ទី១ ទទួលបានសៀវភៅ២ក្បាល ខ្មៅដៃ២ដើម ថវិកា២០០០រៀល។ សិស្សថ្នាក់ទី២ ដល់សិស្សថ្នាក់ទី៦ ទទួលបានសៀវភៅ៣ក្បាល ប៊ិច២ដើម ខ្មៅដៃ១ដើម និងថវិកា២០០០រៀលដូចគ្នា។ ចំណែកសិស្សពូកែប្រចាំសាលាចំនួន៥នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ៥ក្បាល ប៊ិច៥ដើម ខ្មៅដៃ១ដើម និងថវិកា១២០០០រៀល។
ក្រៅពីនេះ លោក វ៉ាន អុល និងភរិយា បានចែកជូនថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន១៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០០០០ម៉ឺនរៀល មេភូមិ និងជំទប់ឃុំចំនួន៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០០០០រៀលដូចគ្នា។ ផ្តល់ជូនសាលាបឋមសិក្សាហ៊ុន សែន ខន្តីបារមី៧មករា ជាថវិកាចំនួន៤លានរៀលសម្រាប់ទិញសម្ភា និងផ្តល់ជូនថវិកា ៧ដុល្លារ សម្រាប់ដាក់ពិដានទីចាត់ការ ព្រមទាំងផ្តល់ជូនកម្លាំងប្រជាការពារក្នុងភូមិវាលត្រែង ជាថវិកាចំនួន៦០ម៉ឺនរៀល៕