(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា បានជួបពិភាក្សាការងារជាមួយ ជាមួយប្រតិភូនៃការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដឹកនាំដោយលោក Pradeep Wagle ដោយផ្តោតសំខាន់ទៅលើកិច្ចហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការ អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ការងាររបាយការណ៍ពិនិត្យជាសកលតាមកាលកំណត់ និងរបាយការណ៍សិទ្ធិមនុស្សតាមសន្ធិសញ្ញា បញ្ហា EBA ព្រមទាំងយន្តការ នៃការដោះស្រាយបណ្តឹងពាក់ព័ន្ធ នឹងការរំលោភសិទ្ធិមនុស្ស និងបញ្ហាប្រឈមនានា។
កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូជាតំណាងអង្គទូតប្រចាំហ្សឺណែវ នៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន៧ប្រទេស មានដូចជា៖ ប្រទេសដាណឺម៉ាក, ចក្រភពអង់គ្លេស, ស៊ុយអែត, ហូឡង់, ហ្វាំងឡង់, អៀឡង់ និងន័រវេស នៅទីស្តីការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។
នៅក្នុងឱកាសនោះដែរ លោក កែវ រ៉េមី បានលើកឡើងនូវចំណុចសំខាន់ចំនួន៦ ប្រាប់ទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងបណ្តាអង្គទូតរបស់សហភាពអឺរ៉ុបដូចខាងក្រោម៖
*ទី១៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឯកភាពជាគោលការណ៍ឱ្យបន្តអាណត្តិការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ប្រចាំកម្ពុជា និងអ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាបន្តទៀត។
*ទី២៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា តែងតែធ្វើការជាដៃគូនឹងគ្នា និងបានសហការគ្នាជាច្រើន ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា រួមមាន ការធ្វើសិក្ខាសាលា ការសរសេររបាយការណ៍សិទ្ធិមនុស្ស ការបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រី ក្នុងការសរសេររបាយការណ៍សិទ្ធិមនុស្ស ការធ្វើវីដេអូអប់រំពីសិទ្ធិមនុស្ស ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ការពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ និងកិច្ចការជាច្រើនទៀត។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅតែត្រូវការនូវកិច្ចសហការបន្តជាមួយការិយាល័យឧត្តមស្នងការ និងបើកចំហរទ្វាក្នុងកិច្ចសហការជាមួយអង្គការសង្គមសុវិល លើការងារសិទ្ធិមនុស្ស និងការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។
*ទី៣៖ ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ ដែលនឹងមានការចូលរួមពីស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ហើយដែលយន្តការនេះ នឹងអាចទាញភាគីទាំងអស់ចូលរួម ជាមួយគ្នាក្នុងកិច្ចការសិទ្ធិមនុស្ស។ ក្រុមការងារនេះនឹងដឹកនាំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការជាសហប្រធាន សម្រាប់សម្របសម្រួលលើការងាររៀបចំ សិក្ខាសាលា ការពិគ្រោះយោបល់លើ ការសរសេររបាយណ៍សិទ្ធិមនុស្ស តាមសន្ធិសញ្ញា រួមនឹងការចូលរួមតាមដាន នូវការអនុវត្តអនុសាសន៍ នៃសន្ធិសញ្ញាសិទ្ធិមនុស្ស។
*ទី៤៖ ការដោះស្រាយវិវាទដីធ្លីក្នុងការងាររបស់ធុរៈកិច្ច គឺរាជរដ្ឋាភិបាលជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែងតែយកចិត្តទុកដាក់ក្នុងការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ ដោយគោរពគោលការណ៍នៃការអភិវឌ្ឍនៅនឹងកន្លែង និងការដោះស្រាយសំណងជូនប្រជាពលរដ្ឋតាមការព្រមព្រៀង និងដោយសន្តិវិធីចៀសវាងនូវការរំលោភសិទ្ធិមនុស្ស។
*ទី៥៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានយន្តការនៃការទទួល និងដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សពីប្រជាពលរដ្ឋ។ ការទទួលពាក្យបណ្ដឹងឃើញថា មានការកើនឡើង ដែលនេះមិនមែនមានន័យថាមានការរំលោភសិទ្ធិមនុស្សកើនឡើងទេ តែជាការជឿជាក់ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើយន្តការដោះស្រាយបណឹ្តងរបស់ គ.ស.ម.ក។
*ទី៦៖ ពាក់ព័ន្ធនឹងបញ្ហា EBA គឺសូមថ្លែងអំណរគុណសហភាពអឺរ៉ុប ដែលបានផ្ដល់ EBA ដល់កម្ពុជា ដែលកន្លងមកបានជួយមួយចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងសំណូមពរដល់សហភាពអឺរ៉ុបបន្តផ្ដល់ EBA ដល់កម្ពុជា ព្រោះអឺរុប បានជួយកម្ពុជាជាយូរមកហើយ គួរបន្តជួយឱ្យចប់ចុងចប់ដើម ចៀសវាងឈប់ពាក់កណ្តាលទីដែលមានន័យថាស្មើមិនបានជួយ ដើម្បីផលប្រយោជន៍ភាគីទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមគ្នានេះ សូមកោតសរសើរ និងថ្លែងអំណរគុណដល់ប្រទេសអង់គ្លេស ដែលបានបង្ហាញនូវជំហរ ក្នុងការបើកចំហរទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយកម្ពុជាទោះជាមាន ឬគ្មាន EBA។
ជារួមកិច្ចប្រជុំនៅព្រឹកនេះបានបញ្ចប់ទៅក្នុងបរិយាកាសសិទ្ធស្នាល ជាមួយនឹងកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាក្នុងទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិរវាង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជា ជាមួយនឹងទិសដៅបន្តក្នុងការធ្វើការរួមគ្នា ក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា។
គ.ស.ម.ក. សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលតែងតែជំរុញ និងផ្ដល់ការគាំទ្រដល់បេសសកម្មរបស់ គ.ស.ម.ក. ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា៕