(ភ្នំពេញ)៖ អគារសិក្សាថ្មី នៃសាលាបឋមសិក្សាលើហន់ ឃុំកិៈចុង ស្រុកបរកែវ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដែលអគារសិក្សាថ្មីនេះ ជាជំនួយឧបត្ថម្ភរបស់អង្គការមូលនិធិលអេស៉ីលីដា -ចារឌីនសម្រាប់ការអប់រំ (AJF)។។។
ក្នុងឱកាសនោះ លោក PETER BEYNON ស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការ AJF បានថ្លែងថា AJF បានបង្កើតឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ដោយមានគោលបំណងចម្បង គឺផ្តល់ជូនកុមារកម្ពុជាទាំងអស់នូវឱកាសស្មើគ្នា ក្នុងការទទួលបានការអប់រំកម្រិតមូលដ្ឋាន។ យុទ្ធសាស្រ្តក្នុងការឈានទៅសម្រេចគោលដៅរបស់អង្គការ គឺមានលក្ខណៈសាមញ្ញ ដោយជាដំបូងត្រូវឧបត្ថម្ភនូវហេដ្ឋារចនាសម្ព័ន្ធអគារសិក្សា ដែលទោះបីជាមានអាកាសធាតុបែបណាក៏ដោយ ក៏លោកគ្រូ-អ្នកគ្រូ នៅតែអាចបង្រៀនបាន។ នេះគឺជាអាទិភាពចម្បងជាមូលដ្ឋាន ដែលត្រូវធ្វើឲ្យបានដើម្បីឲ្យលោកគ្រូ-អ្នកគ្រូ មានលទ្ធភាពពេញលេញ ក្នុងការបំពេញនាទីប្រកបដោយប្រសិទ្ធផល ក្នុងការផ្តល់ចំណេះដឹងជូនក្មួយៗ សិស្សានុសិស្សនៅក្នុងតំបន់។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អង្គការយើងខ្ញុំធ្វើសកម្មភាពផ្តោតលើតំបន់ត្រីក្រនៅឆ្ងាយដាច់ស្រយាល ក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ ខណៈដែលយើងអាចសាងសង់សាលារៀនគ្រប់គ្រាន់ នៅក្នុងខេត្តទាំងនេះ ទើបយើងពិនិត្យ និងបំពេញតម្រូវការដទៃបន្តទៀត ប៉ុន្តែយើងនៅតែផ្តោតលើការជួយឧបត្ថម្ភគាំទ្រកុមារកម្ពុជាជាចម្បង។
លោកបន្តថា «ទស្សនៈវិស័យរបស់យើង គឺផ្តល់ឱកាសស្មើគ្នាសម្រាប់ការអប់រំកម្រិតមូលដ្ឋាន ដល់កុមារកម្ពុជាទាំងអស់។ បេសកកម្មរបស់យើង គឺប្រមូលមូលនិធិមនុស្សធម៌ និងប្រើប្រាស់រាល់មូលនិធិនេះ ដើម្បីធ្វើសកម្មភាពមនុស្សធម៌សុទ្ធសាធ តាមរយៈការកសាងសាលារៀន នៅតាមតំបន់ជនបទដាច់ស្រយាល និងក្រីក្រ សម្រាប់កុមារកម្ពុជាទាំងអស់»។
បើតាមលោក PETER BEYNON បច្ចុប្បន្ននេះ AJF បានឧបត្ថម្ភ និងសាងសង់អគារសិក្សាថ្មី សម្រាប់សាលាបឋមសិក្សា ចំនួន០២ ខ្នងរួចរាល់ ស្របតាមបទដ្ឋានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលអគារមួយខ្នងមាន ០៥បន្ទប់ អាចទទួលសិស្សានុសិស្សបានយ៉ាងតិច ចំនួន១០០នាក់។ អគារសិក្សាមួយខ្នងនេះ គឺជាសមិទ្ធផលទី២ របស់យើង ដែលអគារដំបូងបង្អស់របស់យើងបានសាងសង់នៅសាលាបឋមសិក្សាគោកសង្កែ ក្នុងខេត្តឧត្តរមានជ័យ និងត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីខែកក្កដា ឆ្នាំ២០១៩នេះ។
លោកថ្លែងថា AJF នឹងចាប់ផ្តើមសាងសង់អគារសិក្សាថ្មី ចំនួន ០២ខ្នងផ្សេងទៀត នៅខេត្តមណ្ឌលគិរី និងព្រះវិហារ ដែលគម្រោងនឹងអនុវត្តមុនដំណាច់ឆ្នាំ ២០១៩នេះ។ អគារទាំងអស់ដែលឧបត្ថម្ភដោយ AJF ត្រូវបានសាងសង់ដោយមានការអនុញ្ញាតត្រឹមត្រូវដោយក្រសួងអប់រំ យុវជន និងកីឡា។ បន្ទាប់ពីបញ្ចប់ការសាងសង់ អគារទាំងនេះ នឹងត្រូវប្រគល់ជូនអជ្ញាធរខេត្តធ្វើជាម្ចាស់កម្មសិទ្ធិ និងជាអ្នកគ្រប់គ្រង តាមរយៈមន្ទីរអប់រំ យុវជន និងកីឡាដែលជាសេនាធិការ និងលោកជានាយកសាលា ជាអ្នកគ្រប់គ្រង និងថែរក្សាផ្ទាល់។
លោក PETER BEYNON បញ្ជាក់បន្ថែមថា «AJF មានផែនការឧបត្ថម្ភ និងសាងសង់អគារសិក្សាបឋមសិក្សាឲ្យបានយ៉ាងតិចចំនួន ០២ខ្នងក្នុងមួយឆ្នាំ នៅតាមតំបន់នានានៅក្នុងភូមិសាស្រ្តគោលដៅរបស់ខ្ញុំ ដើម្បីផ្តល់ឱ្យកុមារទទួលបាននូវការអប់រំកម្រិតមូលដ្ឋាន សម្រាប់កសាង និងពង្រីកគុណភាពជីវិតរបស់ខ្លួន
ក្នុងគោលដៅចូលរួមអភិវឌ្ឍធនធានមនុស្ស ដែលជាទ្រព្យដ៏មានតម្លៃបំផុតក្នុងការអភិវឌ្ឍសង្គមជាតិ»។
លោកស្រី ញាណ ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ AJF ដែលបានឧបត្ថម្ភ និងសាងសង់អគារសិក្សាបឋមសិក្សាថ្មីមួយខ្នង មាន០៥បន្ទប់ ជូនក្មួយៗសិស្សានុសិស្សនៅទីនេះ។ អគារសិក្សាប្រកបដោយគុណភាព ផាសុខភាព និងស្រស់ស្អាតនេះ ពិតជាមានតម្លៃបំផុត សម្រាប់ក្មួយៗសិស្សានុសិស្សក្នុងស្រុកបរកែវ ធ្វើជាទីកន្លែង និងថ្នាលសម្រាប់ក្រេបយក និងបណ្តុះចំណេះវិជ្ជាកម្រិតមូលដ្ឋាន ដើម្បីអភិវឌ្ឍអនាគតដ៏ប្រសើររបស់ខ្លួន។
លោកស្រីបន្តថា សកម្មភាពមនុស្សធម៌ របស់អង្គការ AJF ពិតជាបានបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការនេះ ក្នុងកិច្ចការងារសង្គម មនុស្សធម៌ និងអភិឌ្ឍន៍ធនធានមនុស្ស ដែលជាទ្រព្យដ៏មានតម្លៃបំផុតក្នុងការអភិឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្រ ចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្មវិធីកំណែទម្រង់គុណភាពវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រសួង ក៏ដូចប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ។
លោកស្រី ញាណ ទិត្យចិន្តា បញ្ជាក់ថា «នាងខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរមូលដ្ឋាន និងលោកនាយកសាលា ដែលបានសហការជាមួយអង្គការ AJF ធ្វើឲ្យអគារសិក្សាមួយខ្នងនេះ ផុសឡើងនៅក្នុងស្រុកបរកែវ សម្រាប់ក្មួយៗសិក្សានុសិស្សនៅទីនេះ និងក្មួយៗសិស្សានុសិស្សជំនាន់ក្រោយ មានថ្នាក់សិក្សាត្រឹមត្រូវ និងផាសុខភាព សម្រាប់ក្រេបយកចំណេះវិជ្ជាដើម្បីអនាគតដ៏ប្រសើររបស់ពួកគេ»។