(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យទៅកសាងសមិទ្ធផលនានាចំនួន៣វត្ត ក្នុងរាជធានីភ្នំពេញ មានវត្តមហាមន្ត្រី វត្តសារាវ័ន្តតេជោ និងវត្តទួលទំពូង។
សម្រាប់ថ្ងៃសុក្រ ៥កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ១៤:០០ រសៀល ប្រារព្ធបទនមស្សការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លុះព្រឹកឡើងថ្ងៃសៅរ៍ ៦កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៧:០០ព្រឹក ពិធីដង្ហែរអង្គកឋិនទាន ក្នុងវត្តមហាមន្ត្រី ស្ថិតនៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង និងវត្តសារាវ័ន្តតេជោ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ព្រមទាំងវត្តទួលទំពួង ស្ថិតនៅសង្កាត់ទួលទំពួង ខណ្ឌចំការមន ដោយប្រទក្សិណជុំវិញព្រះវិហារបីជុំ និងវេរកឋិនទានប្រគេនព្រះសង្ឃ ឧទ្ទិសផល្លានិសង្ឃជូន មាតាបិតា ជីដូនជីតា និងបុព្វការីជនជាកិច្ចបង្ហើយបុណ្យ។
សូមបញ្ជាក់ថា កឋិនទាន គឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។
បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យ មានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថាកឋិនទានបានដែរ ព្រោះធ្វើខុសកាលទានមិនចំសម័យមួយខែចុងវស្សាន្តរដូវនេះ ពោលគឺមិនត្រូវតាមពុទ្ធានុញ្ញាត។ ក្នុងវត្តមួយ បើការចាំវស្សាគ្មានភិក្ខុសោះ ក៏មិនអាចហែកឋិនចូលដែរ ព្រោះសមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ១អង្គដែរ ហើយដែលបានចាំវស្សាអស់៣ខែបានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន៕