(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង មានការទទួលខុសត្រូវខ្ពស់ លើការប្រកបអាជីវកម្មរបស់ខ្លួន ដោយក្នុងនោះគោលតម្លៃមួយ ក្នុងចំណោមគោលតម្លៃទាំងបួន របស់ក្រុមហ៊ុន គឺបរិច្ចាគទៅសង្គមឲ្យបានច្រើនពេលក្រុមហ៊ុនរីកចម្រើន។ ដូច្នេះហើយ រាល់ប្រតិបត្តិការរបស់ក្រុមហ៊ុន ជីប ម៉ុង តែងរួមចំណែកបង្កើតអនាគត ប្រកបដោយចីរភាព តាមរយៈសកម្មភាពរបស់ក្រុមហ៊ុន។
តាមរយៈសកម្មភាពបរិស្ថាន និងការទទួលខុសត្រូវសង្គម ដែលក្រុមហ៊ុន ជីប ម៉ុង តែងតែអនុវត្តជាចាំមានដូចជា កម្មវិធីដាំដើមឈើ ចំនួន១២,០០០ដើម ជារៀងរាល់ឆ្នាំ, គម្រោងអាហារូបករណ៍, រថយន្តសម្អាតផ្លូវទូទាំងប្រទេស, គម្រោងសាលាស្អាត កម្មវិធី «ខ្ញុំឆ្នើម», កម្មវិធីបរិច្ចាគឈាម, ការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ក្នុងសង្វាក់ផលិតកម្ម ដែលកាត់បន្ថយយ៉ាងច្រើន នៃការបំពុលបរិស្ថាន ការទាញយកសំណល់មកបម្លែងជា ថាមពលប្រើប្រាស់ឡើងវិញ និងការចូលរួមចំណែកក្នុងកម្មវិធីបរិស្ថានផ្សេងៗ ជាច្រើនទៀត។
ការអនុវត្តគម្រោងជាប្រចាំទាំងអស់នេះ បានជំរុញឲ្យក្រុមហ៊ុន ជីប ម៉ុង ក្លាយជាក្រុមហ៊ុន ដែលមានមេត្រីភាពបរិស្ថាន ឬជាក្រុមហ៊ុនយកចិត្តទុកដាក់ ស្រឡាញ់បរិស្ថាន រហូតទទួលបានការកោតសរសើរ និងបណ្ណសរសើរមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថានទៀតផង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ៕