(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យស្វាយរៀង បានថ្លែងជំរុញដល់សិស្សានុសិស្សខិតរៀនសូត្រ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ និងជាមូលធនមនុស្សប្រកបដោយគុណភាព មានសក្ដានុពលសម្រាប់ការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន។
ការថ្លែងជំរុញរបស់លោកអភិបាលខេត្តស្វាយរៀងបែបនេះ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានសិស្សានុសិស្ស នៅតាមសាលានានាក្នុងក្រុងស្វាយរៀង និងគរុសិស្ស ចូលរួមសរុបប្រមាណចំនួន៤៣០០នាក់ និងលោកគ្រូ អ្នកគ្រូ ២៣០នាក់។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីនាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលរងក្រុងស្វាយរៀង លោកនាយកវិទ្យាល័យ និងនាយកសាលាបឋមសិក្សានានាក្នុងក្រុងស្វាយរៀង ព្រមទាំងតំណាងមាតាបិតាសិស្ស និងតំណាងអង្គការគាំទ្រការសិក្សាមួយចំនួនទៀតផងដែរ ។
លោក ម៉ែន វិបុល បន្ទាប់ពីអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា លោកអភិបាលខេត្ត បានមានថ្លែងផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីសំណាក់លោកគ្រូ អ្នកគ្រូ ប្រព្រឹត្តខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ។
លោកថា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ត្រូវមានការប្រុងប្រយ័ត្ន និងចេះយោគយល់អធ្យាស្រ័យគ្នានៅពេលបើកបរ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដ៏ទៃ ដោយឡែក រដ្ឋបាលខេត្តនៅតែត្រៀមម៉ូតូសម្រាប់ផ្ដល់ជារង្វាន់ដល់សិស្សក្នុងឆ្នាំសិក្សាថ្មី ដែលទទួលបាននិទ្ទេស A នាសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិស្សា ២០១៩-២០២០ ខាងមុខ ។
ចុងបញ្ចប់នៃកម្មវិធី លោកអភិបាលខេត្តបានផ្តល់កិត្តិយលចែកនូវរង្វាន់នឹងប័ណ្ណសសើរជូនដល់សិស្សពូកែ និងដាំដើមឈើនៅក្នុងបរិវេណនៃវិទ្យាល័យស្វាយរៀងផងដែរ៕