ក្រសួងទេសចរណ៍ ថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន ដែលរួមដៃគ្នាស្រាវជ្រាវ និងស្វែងរកស្ដ្រីជនជាតិអង់គ្លេសដែលបាត់ខ្លួន នៅកោះរ៉ុង ខេត្តព្រះសីហនុ
01-11-2019 15:04
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់ កងកម្លាំង សមត្ថកិច្ចមកពីគ្រប់ក្រសួង ស្ថាប័នទាំងអស់ដែលបានរួមដៃគ្នាយ៉ាងស្អិតរមួត ដើម្បីបើកប្រតិបត្តិការស្រាវជ្រាវ និងស្វែងរកស្ដ្រីជនជាតិអង់គ្លេសម្នាក់ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមរយៈលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែវិច្ឆិកានេះ ក្រសួងទេសចរណ៍ ក៏បានសម្ដែងនូវការសោកស្ដាយ ចំពោះមរណភាពរបស់ស្ដ្រីជនជាតិអង់គ្លេស និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ដល់ក្រុមគ្រួសារជនរងគ្រោះ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធនាង បានទៅកាន់សុគតិភព។
គួរជម្រាបថា នារីជនជាតិអង់គ្លេសវ័យ២២ឆ្នាំ ឈ្មោះ AMELIA LOUISE ដែលបានបាត់ខ្លូនកាលពី៨ថ្ងៃមុន នៅកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចរកឃើញសពរបស់នាង ដោយអណ្ដែតរហូតទៅដល់ខេត្តកោះកុង ជាប់ព្រំដែនទឹកប្រទេសថៃ ដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រ ពីកោះរ៉ុង នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩៕