(កណ្ដាល)៖ នារីម្នាក់ត្រូវបានអគ្គិសនីឆក់បណ្ដាលឲ្យបាត់បង់ជីវិត ដោយសារតែនាងសាកថ្មទូរស័ព្ទបណ្ដើរ លេងទូរស័ព្ទ និងដាក់កាសថែមទៀតបដែលបណ្ដាលឲ្យឆ្លងចរន្ត ឆក់ស្លាប់នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៨៖១០នាទី នៅផ្ទះជួលលេខ៣២ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ អាន សុខណា អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទីកន្លែងកំណើត ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។
តាមការបំភ្លឺរបស់ឈ្មោះ សុខ ផាន្នី ភេទស្រី អាយុ៣៤ឆ្នាំ ដែលធ្វើការជាមួយជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៧ព្រឹកមិញ ជនរងគ្រោះ មិនឃើញមកធ្វើការ ដូចសព្វដង ក៏បានខលទៅជាងម៉ូតូឈ្មោះ ឡៅ កុសល ដែលនៅជិតនិងឲ្យជួយមើលបន្ទប់ជួលជនរងគ្រោះ ពេលទៅដល់បន្ទប់ជនរងគ្រោះ ឃើញបិទទ្វារបង្អួច ចាក់គន្លឹះខាងក្នុង ហើយគោះទ្វារអត់មានបើកទេ។
សង្ស័យបានខលហៅអ្នកធ្វើការនៅរោងចក្រឲ្យជួយមើល ពេលមកដល់នាំគ្នាទាញបង្អួច ហើយលូតដៃបើកគន្លឹះបង្អួចលូកដៃទាញគន្លឹះទ្វារបើក ឃើញជនរងគ្រោះដេកក៏ដាស់ មិនក្រោក ជនរងគ្រោះមានសភាពរឹងដៃ រឹងជើង ក៏ឃើញជនរងគ្រោះមានកាស់ជាប់និងត្រចៀក និងទូរស័ព្ទ មានសាកថ្មជាប់និងព្រីភ្លើង ក៏នាំគ្នាបិទឌីសង់ទ័រភ្លើង ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់មកបានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។
ការណ៍នេះ សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ពិនិត្យឃើញថា សាកសពមានសភាពធម្មតា ធ្មេញខាំអណ្តាត ប្រឹង ហើយពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ។ ប្រភពបញ្ជាក់ថា យោងតាមការសន្និដ្ឋានតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យស្លាប់។
សាកសពត្រូវបានប្រគល់ជូនប្អូនជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕