(ភ្នំពេញ)៖ ឆ្នាំ២០១៩នេះ នៅទូទាំងរាជធានីភ្នំពេញ មានសិស្សពូកែទាំងពីរភេទសរុបជាង ៣ពាន់នាក់ ដែលជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ត្រូវបានអាជ្ញាធររាជធានី លើកទឹកចិត្តនិង ផ្តល់រង្វាន់ជូន ជាមួយនឹងការប្រគល់រង្វាន់ ជូនសិស្សប្រឡងជាប់និន្ទេស A ចំនួន១៤១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២លានរៀល ខណៈដែលវិស័យអប់រំ ធ្វើកំណែទំរង់ចំរាញ់យកគុណភាព។
ក្នុងពិធីបើកបវេសនកាល និងចែករង្វាន់ដល់សិស្សពូកែ រាជធានីភ្នំពេញ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅវិទ្យាល័យ ជាស៊ីមសន្ធម៉ុក នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការផ្តល់រង្វាន់ដល់សិស្សពូកែនេះ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្ស កាន់តែខិតខំរៀនសូត្រកាន់តែពូកែ ដែលក្លាយជាធនធានដ៏សំខាន់ សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រគុណភាព ដើម្បីសម្រិតសម្រាំងរកធនធានមនុស្សពិត ចំណេះវិជ្ជាពិត និងការងារពិត ដើម្បីអាចឆ្លើយតប បានទៅជាមួយនិងតម្រូវការអភិវឌ្ឍនៃសង្គម ដូច្នេះសិស្សានុសិស្សត្រូវតែបន្ដការយកចិត្តទុកដាក់រៀនសូត្រ ឲ្យបានជាប់ជាប្រចាំ។
លោកថា សិស្សានុសិស្សដែលទទួលបានជ័យលាភី ត្រូវតែយល់ឲ្យច្បាស់ថា ចំណេះដឹង គឺជាទ្រព្យដ៏សំខាន់នៅក្នុងជីវិតមនុស្ស មានអនាគតល្អ ហើយចំណេះនេះហើយដែលចាយមិនអស់ ចោរលួចមិនបាន ដែលក្មួយៗទំាងអស់ត្រូវយកចិត្តទុកដាក់ ខណៈសម្តេចតេជោបានគាំទ្រ សព្វបែបយ៉ាងទំាងសម្ភារមធ្យោបាយស្មារតី ជូនដល់សិស្សានុសិស្ស ដូច្នេះក្មួយៗត្រូវតែប្រឹងប្រែងបន្ថែមទៀត។
លោក ហែម ស៊ីណារ៉េ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្នាំសិក្សា២០១៨-២០១៩កន្លងទៅនេះ រាជធានីភ្នំពេញមានសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ពីថ្នាក់៩ ដល់ថ្នាក់ទី១២ តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មានចំនួន៣,៦០៩នាក់ សិស្សស្រី២,៤១១នាក់។
លោក ឃួង ស្រេង បានបញ្ជាក់ថា លទ្ធផលដែលសិស្សទទួលបាននាពេលនេះ គឺសិស្សានុសិស្សខ្លួនឯងផ្ទាល់ បានព្យាយាមរៀនសូត្រក្នុងនាមជាកូនល្អ សិស្សល្អហើយ លោកគ្រូ អ្នកគ្រូ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្រៀន។
លោកបានបញ្ជាក់ទៀតថា ការប្រកួតប្រជែងសម្រាប់សិស្សពូកែជារៀងរាល់ឆ្នាំនេះ គឺបានធ្វើឡើងស្របតាមអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបើកឲ្យមានការប្រកួតប្រជែង រហូតចេញទៅប្រឡងនៅថ្នាក់តំបន់ និងនៅលើពិភពលោកទៀតផង។
លោកបានបន្ថែមថា ផ្តើមចេញពីការលើកឡើងនូវអនុសាសន៍បែបនេះ ពិតជាមានប្រសិទ្ធិភាព ដើម្បីឲ្យសិស្សខិតខំរៀនសូត្រយកស្នាដៃ ព្រោះថា នេះជាកម្លាំងចលករលើកទឹកចិត្ត ដើម្បីបំផុសស្មារតី ដល់គណនាយកសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ ក៏ដូចជាមាតា បិតាអណាព្យាបាល បានយល់ដឹងរួមគ្នាយកចិត្តទុកដាក់។
គួរបញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ មានសិស្សប្រលងជាប់និន្ទេស A ចំនួន១៤១នាក់ ដោយសិស្សម្នាក់ៗទទួលបានថវិកា ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន២លានរៀល តាមរយៈសាលារាជធានីភ្នំពេញ នៅក្នុងពិធីបើកបវេសនកាល និង ចែករង្វាន់ដល់សិស្សពូកែរាជធានីភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះផងដែរ៕