(ម៉ាឡេស៊ី)៖ ដើម្បីទាក់ទាញអ្នកជំងឺពីបណ្ដាប្រទេសជុំវិញពិភពលោក មកទទួលសេវាសុខភាពនៅប្រទេសរបស់ខ្លួន រាជរដ្ឋាភិបាលម៉ាឡេស៊ី បានអញ្ជើញអ្នកសារព័ត៌មកពីប្រទេស ចិន អូស្ដ្រាលី បង់ក្លាដេស រួមទាំងតំបន់អាស៊ាន ដែលមានកម្ពុជាផងដែរនោះ សរុបប្រមាណជាង១០០នាក់ ដើម្បីធ្វើការផ្សព្វផ្សាយ ពីកញ្ចប់សេវាកម្មសុខាភិបាលនៅប្រទេសខ្លួន។

ក្នុងឱកាសបើកផ្សព្វផ្សាយទេសចរណ៍សុខាភិបាលប្រចាំឆ្នាំ២០២០ (MALAYSIA YEAR OF HELTHCARE TRAVEL 2020) រៀបចំដោយ MYLAYSIA HEALCARE TRAVEL COUNCIL (MHTC) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នាសណ្ឋាគារ Majestic ក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ លោក Tuan Lim Guan Eng Negaraku, លោកស្រី Sherene Azli នាយក MHTC បានថ្លែងថា លោកស្រី ប្ដេជ្ញាចិត្ដយ៉ាមុតមាំ ក្នុងការពង្រឹង និងពង្រីកវិសាលភាពវិស័យសុខាភិបាលឱ្យកាន់តែមានល្អប្រសើរ និងទូលំទូលាយនៅលើសកលលោក។

ជាពិសេស ដោយផ្សារភ្ជាប់ជាមួយនឹងគុណភាពសេវា និងការថែទាំអ្នកជំងឺដ៏ល្អបំផុត ជាមួយកញ្ចប់តម្លៃសេវាកម្មទាបជាងប្រទេសដទៃ។ លើសពីនោះ ធ្វើយ៉ាងណាឱ្យអ្នកជំងឺទទួលបានសុខភាពល្អប្រសើរ បន្ទាប់ពីការពិនិត្យព្យាបាលជាមួយនឹងពេទ្យរបស់ខ្លួន។

ជាងនេះទៅទៀត លោកស្រីបានថ្លែងបន្ដថា «ក្នុងឆ្នាំ២០២០ខាងមុខនេះ យើងសង្ឃឹមយ៉ាងមុតមាំថា នឹងអាចទាក់ទាញអតិថិជនពីបណ្ដាប្រទេស មកទទួលសេវាពិនិត្យថែទាំសុខភាពរហូតដល់ទៅ ៣០លាននាក់» បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការផ្ដល់សេវាពិនិត្យព្យាបាលជូនអ្នកជំងឺជាច្រើនម៉ឺននាក់មកពីបណ្ដាប្រទេសក្នុងមួយឆ្នាំៗ។

បើតាមការបញ្ជាក់របស់លោកស្រី Yazmin Azman ប្រធានផ្នែកផ្សព្វផ្សាយនៃ MHTC បានឱ្យដឹងថា គិតត្រឹមខែ១០ ឆ្នាំ២០១៩នេះ ប្រជាជនទូទាំងពិភពលោក បានមកទទួលសេវាពិនិត្យសុខភាព ចំនួន ១.២ពាន់លាននាក់ ភាគច្រើនមកពីឥណ្ឌូនេស៊ី ចិន វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌា បង់ក្លាដេស និងកម្ពុជា ។

លើសពីនោះ នៅដើមឆ្នាំ២០២០ខាងមុខនេះ MHTC នឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយកម្ពុជា ដើម្បីផ្ដល់កញ្ចប់សេវាសុខភាពឱ្យមានល្អប្រសើរ និងមានភាពងាយស្រួលទាំងការធ្វើដំណើរ ការស្នាក់នៅ ក៏ដូចជាបរិភោគជាដើម នឹងមានតម្លៃធូរថ្លៃ ប្រកបដោយគុណភាពស្ដង់ដារអន្ដរជាតិ បើធៀបទៅនឹងនៅប្រទេសវៀតណាម ថៃ និងសិង្ហបុរី, ម៉ាឡេស៊ីមានតម្លៃទាបជាងជិតពាក់កណ្ដាលឯណោះ។

សូមជម្រាបថា ម៉ាឡេស៊ី បានផ្ដោតសារៈសំខាន់ទៅលើការពង្រីក និងការអភិវឌ្ឍន៍សេវាថែទាំសុខភាព ដោយប្រើប្រាស់៥%នៃថវិការដ្ឋ សម្រាប់ការអភិវឌ្ឈន៍សង្គម ក្នុងវិស័យថែទាំសុខភាពសាធារណៈ។ ដើម្បីឆ្លើយតប នឹងកំណើនប្រជាជន និងកំណើនជនចាស់ជរា រដ្ឋាភិបាលមានគម្រោងអភិវឌ្ឈប្រព័ន្ឋសុខាភិបាល តាមរយៈការ ជួសជុលកែលំអមន្ទីរពេទ្យដែលមានស្រាប់ ស្ថាបនា និងបំពាក់បរិក្ខារ សម្រាប់មន្ទីរពេទ្យថ្មីៗ បង្កើនចំនួនពហុគ្លីនីក និងការពង្រីកបណ្តាញផ្ដល់សេវាសុខភាព។

ជាក់ស្ដែង MHTC ទទួលបានការគាំទ្រឧបត្ថម្ភ ជំរុញលើកទឹកចិត្ដ ពីរាជរដ្ឋាភិបាល ដែលរហូតដល់បច្ចុប្បន្ននេះ MHTC មានមន្ទីរពេទ្យជាសមាជិកសុទ្ធតែមានសមត្ថភាពខ្ពស់ បទពិសោធន៍យូរឆ្នាំ រហូតដល់ទៅ៧៣មន្ទីរពេទ្យ និងគ្រូពេទ្យឯកទេសផ្សេងជាច្រើន៕