(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកលើកស្ទួយសិល្បៈគំនូរស្នាដៃកូនខ្មែរ ក៏ដូចជាផ្ដល់ឱកាសឱ្យប្អូនៗ កុមារបានដុសខាត់នូវគំនិតច្នៃប្រឌិត និងបង្កើនការស្រមើស្រមៃរបស់ខ្លួនបាន ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ហៅកាត់ថា KDSB បានបង្កើតកម្មវិធីទំនួលខុសត្រូវសង្គមមួយ ឈ្មោះថា «កម្មវិធីលើកស្ទួយសិល្បៈគំនូរស្នាដៃកូនខ្មែរ» ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងព្រឹត្តិការណ៍នេះ KDSB បានអញ្ជើញគ្រូជំនាញផ្នែកគូរគំនូរពីសាលាមធ្យមសិក្សាវិចិត្រសិល្បៈចំនួនពីររូប គឺលោកគ្រូ ផាន់ ពន្លក ប្រធានសាលាសិល្បៈសូនរូប និងលោកគ្រូ អ៊ុច សាវិន គ្រូបង្រៀនផ្នែកសិល្បៈសូនរូប ដើម្បីធ្វើការចែករំលែកចំណេះដឹងអំពីសិល្បៈគំនូរ និងបង្ហាត់បង្ហាញដល់ប្អូនៗកុមារ ដែលបានចូលរួមប្រកួតគូរគំនូរ។
ក្រៅពីបានទទួលនូវអនុសាសន៍ល្អៗទាក់ទងនឹងសិល្បៈគំនូរហើយ ប្អូនៗកុមារក៏មានឱកាសគូរគំនូរទីក្រុងភ្នំពេញដ៏ស្រស់ត្រកាលនាពេលព្រឹក ដោយប្រើប្រាស់ការស្រមើស្រមៃ និងភាពច្នៃប្រឌិតរបស់ខ្លួនពីលើអគារនៃធនាគារ KDSB ទៀតផង។
KDSB សូមថ្លែងអំណរគុណដល់លោកគ្រូ អាណាព្យាបាល និងប្អូនៗកុមារទាំងអស់សម្រាប់ទឹកចិត្តដ៏មុតមាំ ក្នុងការចូលរួមចំណែកលើកស្ទួយវិស័យសិល្បៈគំនូរខ្មែរ។ធានាគារនឹងនៅតែជួយគាំទ្រដល់សិល្បៈគំនូរស្នាដៃកូនខ្មែរយើងបន្តទៀត។
ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់ប្អូនៗ KDSB បានជូនរង្វាន់ iPad Pro 10.5 មួយគ្រឿងដល់ជ័យលាភីលេខ១ កង់មួយគ្រឿងដល់ជ័យលាភីលេខ២ តុសិក្សា១ឈុតដល់ជ័យលាភីលេខ៣ ហើយផ្ទាំងគំនូររបស់ប្អូនទាំងបីក៏នឹងត្រូវដាក់តាំងបង្ហាញនៅការិយាល័យកណ្តាលរបស់ធនាគារផងដែរ។
ចំពោះប្អូនៗទាំង២៩រូប ដែលបានចូលរួមប្រកួតម្នាក់ៗទទួលបានគូល័រ និងខ្មៅដៃគូរគំនូរមួយឈុត, ឈុតសុខភាព KDSB មួយឈុត និងសម្ភារៈសិក្សាមួយចំនួនទៀត។ ប្អូនៗដែលបានចូលរួមប្រកួត ព្រមទាំងអាណាព្យាបាល ដែលអញ្ជើញមកចូលរួម បានសម្ដែងការពេញចិត្ត តាមរយៈទឹកមុខដ៏រីករាយ និងចូលរួមគ្រប់សកម្មភាព ដូចជាការញ៉ាំអាហារជុំគ្នា និងការថតរូបកម្សាន្តជាដើម៕