(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យអ្នកអប់រំទាំងអស់ បន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព ឲ្យបានជ្រួតជ្រាបដល់សិស្សានុសិស្ស គ្រប់ភូមិសិក្សាឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បីកសាងយុវវ័យជំនាន់ថ្មី ប្រកបដោយការរីកចម្រើនលើគ្រប់វិស័យ។

ការលើកឡើងបែបនេះ របស់លោកអភិបាលខេត្តកំពង់ចាម បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខណៈពេលដែលលោកចូលរួមជាអធិបតី ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំ ២០១៩-២០២០ និងទិវាដឹងគុណគ្រូ នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងថា ដើម្បីបង្កលក្ខណៈឲ្យប្រទេសជាតិ មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ មានការគោរពសិទ្ធិមនុស្ស ជានិតិរដ្ឋស្មើមុខស្មើមាត់លើឆាកអន្តរជាតិ គេត្រូវតែផ្តល់ចំណេះវិជ្ជា ដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី។ ហេតុនេះ ទើបយើងសូមគាំទ្រការផ្តួចផ្តើមគំនិតដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងការរៀបចំទិវាដឹង គុណគ្រូ ៥ តុលា ដើម្បីផ្សារភ្ជាប់ជាមួយ និងទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះផងដែរ។

លោកអភិបាលខេត្ត បានបន្តថា ការកសាង វប្បធម៌សន្តិភាព និងការអប់រំវប្បធម៌សន្តិភាព គឺជាភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់បុគ្គលិកសិក្សា ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ដោយឈរលើមូលដ្ឋាន នៃការបណ្តុះបណ្តាល គុណធម៌ និងឥរិយាបថ ដែលឆ្លុះបញ្ចាំងពីការគោរពជីវិត ការគោរពចំពោះមនុស្សជាតិ និងសិទ្ធិមនុស្ស ការគោរពគោលការណ៍ច្បាប់ គោលការណ៍សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌ ដោយប្រឆាំងនឹងអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ការមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងការរើសអើងគ្រប់ប្រភេទ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «ជាការពិតណាស់ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្តុះ បណ្តាលក្នុងសាលារៀនដែលមាន គ្រូបង្រៀន គឺជាអ្នកសម្រេចអនាគតរបស់សិស្ស ជាឪពុកម្តាយទី២ ជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ ជាទស្សនវិទូ និងជាអ្នកបង្ហាញផ្លូវ ជាឆ្អឹងខ្នង នៃវិស័យអប់រំ ជាអ្នកខំប្រឹងបណ្តុះដាំ ជាអ្នកប្រឹក្សាផ្តល់គំនិត ជាអ្នករិះគិតស្រាយពន្យល់ ជាតម្កល់ឃ្លាំងវិជ្ជា ជាអ្នកសាបព្រោះក្នុងសាលា ហុចផលផ្លែផ្កាដល់សង្គម ខ្ញុំមានថ្ងៃនេះដោយសារគ្រូបង្រៀន»៕