(ថៃ)៖ លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជាចប់អាណត្តិ បានអះអាងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា បានកើនឡើងរហូតដល់៨០០ភាគរយ ក្រោយពេលប្រទេសកាណាដា បានបើកឲ្យដំណើរការិយាល័យស្ថានទូតកាណាដា នៅទីក្រុងភ្នំពេញ នៅឆ្នាំ២០១៦។
ការអះអាងរបស់អគ្គរដ្ឋទូតកាណាដានេះ បានធ្វើឡើង ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក ប្រទេសថៃ នៅរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
ឧបនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះជោគជ័យនៃការបំពេញបេសកកម្មការទូតរបស់លោកស្រីអគ្គរដ្ឋទូត និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំផ្ទាល់ខ្លួនរបស់លោកស្រី ក្នុងការរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលសបញ្ជាក់តាមរយៈកំណើនយ៉ាងលឿននៃទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា។
លោកបានថ្លែងអំណរគុណ តាមរយៈលោកស្រី ចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានផ្តល់ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យកំចាត់មីន អប់រំ បេសកកម្មថែរក្សាសន្តិភាព និងការប្រែប្រួលអាកាសធាតុ។ ក្នុងក្របខណ្ឌអាស៊ាន លោក បានបញ្ជាក់ថា កម្ពុជាគាំទ្រឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) អាស៊ាន-កាណាដា ។
លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ការបំពេញបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា។ ចំពោះ FTA អាស៊ាន-កាណាដា លោកស្រីបានសង្ឈឹមថា កិច្ចព្រមព្រៀងនេះនឹងមានការវិវត្តទៅមុខយ៉ាងឆាប់រហ័ស៕