(កោះកុង)៖ នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងខេមរភូមិន្ទ បានថ្លែងថា យើងរក្សាតម្លៃ នៃសន្តិភាពឲ្យបានជាដាច់ខាត កុំជឿលើសម្តីញុះញង់របស់ជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីបេះដូងប្រជាពលរដ្ឋកម្ពុជា។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងខេមរភូមិន្ទ និងការផ្សព្វផ្សាយផែនការណែនាំសំខាន់ៗរបស់ក្រសួងមហាផ្ទៃក្រោមវត្តមាននាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ, លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ រួមទាំងមន្ត្រីក្រោមឱវាទ និងមន្ត្រីរាជការគ្រប់ស្ថាប័ន ធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជូំសាលាក្រុងខេមរភូមិន្ទខេត្តកោះកុង។
នាយឧត្តមសេនីយ៍ ប៊ុន លើត បានថ្លែងថា «ប្រទេសជាតិមានការរីកចំរើនគ្រប់វិស័យមានការអភិវឌ្ឍន៍មានធនធានមនុស្ស ទាំងនេះហើយដោយសារការខិតខំប្រឹងប្រែងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលលោកខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់កុំជឿងសម្តីទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី»៕