(កណ្ដាល)៖ អភិបាលស្រុកមុខកំពូលលោក តុង ស៊ីវមី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយសភាពការណ៍ថ្មីៗនៅកម្ពុជា ខណៈលោកបានក្រើនរម្លឹក និងពន្យល់ណែនាំដល់មន្រី្តរាជការ និងកងកម្លាំងក្នុងស្រុកទាំងអស់កុំឱ្យចាញ់ឧបាយកលរបស់មេឧទ្ទាម សម រង្ស៊ី ដែលតែងតែមានបំណងចង់បដិវត្តពណ៌ និងបំផ្លាញសន្តិភាពរបស់ជាតិទាំងមូល។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលស្រុក បានផ្សព្វផ្សាយដល់មន្ត្រីរាជការនូវអំពីខុសច្បាប់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួករួមមាន៖
*ទី១៖ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ
*ទី២៖ ឧបាយកល និងសកម្មភាពរបស់ក្រុមប្រឆាំង
*ទី៣៖ តួនាទី ភារកិច្ចរបស់មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចដើម្បីបង្ការ ទប់ស្កាត់ និងបំផ្លាញរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកអភិបាលស្រុក គូសបញ្ជាក់ដល់កងកម្លាំងមានសមត្ថកិច្ចក្នុងស្រុកទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ និងគោរពតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំដែល បានដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ លើមូលដ្ឋាន នៃការរក្សាការពារសុខ សន្តិភាព ស្ថិរភាព និងសុវត្ថិភាពក្នុងសង្គម ការពង្រឹងកិច្ចដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ។
មន្រ្តីទាំងអស់ត្រូវចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានានៅតាមមូលដ្ឋាន សំដៅរួមគ្នាថែរក្សាសុខសុវត្ថិភាពនៅតាមមូលដ្ឋានភូមិឃុំរៀងៗខ្លួន៕