(ភ្នំពេញ)៖ ក្រុមហ៊ុន ជីបម៉ុង អ៊ីនដាស្រី្ទស៍ បានស្វាមគន៍ចំពោះទស្សនកិច្ចសិក្សារបស់និសិ្សត នៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា (Institute of Technology of Cambodia) មកកាន់រោងចក្រផលិតក្បឿង និងទុយោជីបម៉ុង ដែលមានទីតាំងស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
ទស្សនកិច្ចសិក្សានេះ ក្នុងគោលបំណងឲ្យនិសិ្សតមានឱកាស ក្នុងការស្វែងយល់ពីការប្រើប្រាស់ជំនាញបច្ចេកទេស ដែលពួកគាត់កំពុងសិក្សា និងការអនុវត្តជាក់ស្តែងពីសង្វាក់ផលិតកម្ម និងគុណភាពរបស់ ក្បឿងនិង ទុយោ ជីបម៉ុង នៃក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍។
ក្នុងកំឡុងពេលទស្សនារោងចក្រ អ្នកជំនាញ បានបង្ហាញពីចំណេះដឹងសំខាន់ៗ អំពីបច្ចេកទេសផលិត ក្បឿង និងទុយោ ជីបម៉ុង ដោយបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេសអ៊ីតាលី រួមជាមួយការប្រើប្រាស់វត្ថុធាតុដើម ដ៏ល្អឥតខ្ចោះ ក្នុងការផលិតរបស់រោងចក្រ។
តំណាងអ្នកចូលរួម ក៏បានបង្ហាញពីចំណាប់អារម្មណ៍ ចំពោះដំណើរទស្សនកិច្ចនៅរោងចក្រផលិតក្បឿង និងទុយោរបស់ក្រុមហ៊ុនជីប ម៉ុង អ៊ីនដាស្រ្ទីស៍ថា នេះគឺជាលើកទី១ សម្រាប់ពួកគាត់ដែលមានឱកាស បានមកទស្សនារោងចក្រផលិតក្បឿង និងទុយោដោយផ្ទាល់ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមានសមត្ថភាពខ្ពស់ ក្នុងការផលិតក្បឿង និងទុយោសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។
ឆ្លៀតក្នុងឱកាសនេះផងដែរ និស្សិតក៏បានចូលទស្សនារោងចក្របេតុង លាយស្រេច និងបានឃើញការអនុវត្តផ្ទាល់ពីដំណើរការ នៃការលាយបេតុង ដើម្បីឲ្យត្រឹមត្រូវតាមលក្ខណៈស្តង់ដា ក៏ដូចសង្វាក់ផលិតកម្ម របស់រោងចក្រទាំងមូល។
គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ គឺជាក្រុមហ៊ុនក្នុងស្រុកឈានមុខគេមួយ ក្នុងការផលិតនិងផ្គត់ផ្គង់ប៉េតុងលាយស្រេច ក្បឿង និងទុយោគ្រប់ប្រភេទ។ រាល់ផលិតផលទាំងអស់ របស់ក្រុមហ៊ុនជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ត្រូវបានផលិតឡើងដោយប្រើប្រាស់វត្ថុធាតុដើមដ៏ល្អឥតខ្ចោះ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់អ៊ីតាលី៕