(ភ្នំពេញ)៖ ថ្ងៃស្អែកនេះ មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩» នឹងបើកទទួលស្វាគមន៍ សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិត ក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។
ឱកាសការងារសរុបជាង២ម៉ឺន នឹងត្រូវបានផ្តល់ដោយក្រុមហ៊ុន/សហគ្រាសធំៗ ជាង១៥០មកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារនិងបដិសណ្ឋារកិច្ច, ទូរគមនាគមន៍, ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ, កម្មន្តសាល និងភ្នាក់ងារជ្រើសរើសឯកជន នៅក្នុងបញ្ជរសរុបចំនួន៣០០។
ក្រៅពីទទួលបានឱកាសការងាររាប់ម៉ឺនកន្លែង អ្នកចូលរួមនឹងទទួលបានព័ត៌មានពីផែនការតម្រូវការ និងគោលនយោបាយ ក្នុងការជ្រើសរើសកម្លាំងពលកម្ម នាពេលបច្ចុប្បន្ន និងអនាគត កម្មវិធីសិក្សា អាហារូបករណ៍ វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញ។
ពិព័រណ៍នេះ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) ដោយមានរយៈពេល២ថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យ ទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹក ដល់៨យប់ នៅពិព័រណ៍កោះពេជ្រ។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ គឺជាការជំរុញយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីលើកកម្ពស់វិស័យការងារ និងព័ត៌មានទីផ្សារការងារ នៅកម្ពុជាជាពិសេសសំដៅផ្តល់ ឱកាសទូលំទូលាយដល់កម្លាំងពលកម្មទាំងមានជំនាញ និងមិនមានជំនាញឲ្យទទួលបានការងារ កាន់តែប្រសើរចំណេញពេលវេលាកាត់បន្ថយចំណាយ និងទទួលបានប្រាក់ចំណូលខ្ពស់។
លើសពីនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ក៏រួមចំណែកកាត់បន្ថយគម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការជំនាញនៅក្នុងទីផ្សារការងារ ព្រមទាំងបង្កភាពងាយស្រួលដល់យុវជនដែលត្រូវឈានចូលទីផ្សារការងារ ក្នុងការទទួលបានការងារបន្ទាប់ពីបញ្ចប់ការសិក្សា នៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
ពិព័រណ៍ដ៏ធំនេះ ត្រូវបានរំពឹងថា មានអ្នកចូលរួមទស្សនាជាង៣ម៉ឺននាក់ ដែលភាគច្រើនជាសិស្ស-និស្សិត យុវជន អ្នកស្វែងរកការងារ និងកម្មករនិយោជិតពីគ្រប់វិស័យ។ ដូច្នេះ ដើម្បីទទួលបានឱកាសការងារល្អៗ និងការយល់ដឹងអំពីការបង្កើនផលិតភាព សូមយុវជន សិស្ស-និសិ្សត អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតទាំងអស់ចូលរួមទស្សនា និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយដើម្បីដាក់ពាក្យស្នើសុំ ការងារដោយផ្ទាល់ជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ០១៧ ៨៧១ ៨០៧, ០៩៦ ២១៥៥ ១៦២ គេហទំព័រ www.nea.gov.kh ឬទំព័រ Facebook របស់ NEA neakhmer៕