(កំពង់ធំ)៖ មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធនៅខេត្តកំពង់ធំ ពេលនេះ បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅវិស័យកសិកម្មនៅក្នុងខេត្ត ជាពិសេសដំណាំស្រូវ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនកសិផលរបស់កសិករកាន់តែច្រើនឡើង។
ក្នុងគោលដំណងជំរុញកំណើនកសិផលក្នុងខេត្តនេះ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានសហការជាមួយក្រុមហ៊ុនឯកជន បានផ្សព្វផ្សាយពីផលិតផលកសិកម្មថ្មី ឈ្មោះថា ហ្សេវេឡូ ដែលជាថ្នាំកម្ចាត់ស្មៅចង្រៃ នៅលើដំណាំស្រូវដ៏មានប្រសិទ្ធភាពមួយ នៅលើពិភពលោក។
អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក កាន់ សាឡន បានលើកឡើងក្នុងសិក្ខាសាលានេះថា បច្ចុប្បន្នខេត្តកំពង់ធំ គឺជាខេត្តដែលពោរពេញ ទៅដោយវិស័យកសិកម្មសម្បូរបែប ហើយជាពិសេសនោះគឺដំណាំស្រូវ។ ដំណាំស្រូវក្នុងខេត្តកំពង់ធំ មានជាង២២ម៉ឺនហិកតា ដែលទទួលបានទិន្នផលជាមធ្យម បានត្រឹមតែ៣១៥០គីឡូក្រាមក្នុង១ហិកតា ហើយទិន្នផលនេះ មិនទាន់គ្រប់គ្រាន់តាមតម្រូវការ ដែលត្រូវនាំស្រូវអង្ករចេញទៅក្រៅប្រទេសឡើយ។
លោក គូររ៉ាណា សារ៉ាត់ ប្រធានគ្រប់គ្រងពាណិជ្ជកម្មប្រចាំប្រទេសថៃ និងឧបទ្វីបអាស៉ី ដែលចែកចាយផលិតផលកសិកម្មហ្សេវេឡូ បានថ្លែងថា ផលិតផលកសិកម្មហ្សេវេឡូ ត្រូវបាននាំចូលមកកម្ពុជាតាមរយៈក្រុមហ៊ុនកតេរ៉ា, ឌោវ និងឌូផន ដែលជាក្រុមហ៊ុនមានរបបគំហើយថ្មី និងមានការល្បីល្បាញលើពិភពលោក។ ក្រុមហ៊ុននេះបានផ្តល់នូវដំណោះស្រាយ ផ្អែកលើវិទ្យាសាស្ត្រកសិកម្ម ដោយបានធ្វើឲ្យភាពមានប្រសើរឡើង ក្នុងជីវិតរស់នៅរបស់មនុស្ស នៅជុំវិញពិភពលោក។
លោកបន្តថា «ហ្សេវេឡូ បានប្រតិបត្តិការជាង៧០ប្រទេស នៅជុំវិញពិភពលោក ដែលផ្តល់សេវាកម្មច្នៃប្រឌិតថ្មីៗជាច្រើន សម្រាប់ដំណោះស្រាយលើបញ្ហាកសិកម្ម។ ក្រុមហ៊ុនរបស់យើង ដែលបាននាំចូលថ្នាំថ្មី មិនមានផលប៉ះពាល់ដល់បរិស្ថាន ដើម្បីជួយកម្ចាត់ស្មៅចង្រៃចេញពីស្រែ បង្កើនទនិ្នផលដល់កសិករ ផ្តល់ស្រូវមានគុណភាព ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងទៀត នៅលើពិភពលោក»។
លោក គូររ៉ាណា សារ៉ាត់ បានបន្ថែមថា ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលជាប់ចំណាត់ថ្នាក់លេខ១០ នៅលើពិភពលោក ក្នុងការនាំអង្ករចេញ។ នេះជាលើកទី១ហើយ ដែលហ្សេវេឡូ ត្រូវបានធ្វើការសម្ពោធ និងបើកផ្សព្វផ្សាយនៅក្នុងខេត្តកំពង់ធំ ព្រោះលោកបានសង្កេតឃើញថា នេះជាខេត្តដែលមានសក្តានុពលខាងកសិកម្ម ហើយប្រជាពលរដ្ឋមួយចំនួន កំពុងតែនូវជួបបញ្ហាស្មៅចង្រៃ ដែលយាយីទៅលើដំណាំកសិកម្ម ជាពិសេសគឺដំណាំស្រូវ។
នៅពេលសួរថា តើហ្សេវេឡូ មានផលប្រយោជន៍អ្វីខ្លះដល់កសិករ ត្រូវបានលោកអះអាងថា វាអាចកម្ចាត់ស្មៅបានច្រើនប្រភេទ គឺខុសពីថ្នាំដទៃទៀត ដែលមួយមុខកម្ចាត់ស្មៅ បានតែមួយប្រភេទប៉ុណ្ណោះ។ ការប្រើប្រាស់ហ្សេវេឡូ នឹងធ្វើឲ្យប្រជាកសិករចំណេញប្រាក់ និងចំណេញពេលវេលាជាច្រើនទៀត។ ម្យ៉ាងវិញទៀត ចំណុចពិសេសរបស់ហ្សេវេឡូ ទោះបីជាស្មៅចង្រៃនៅលើដំណាំស្រូវ មានភាពស៊ាំនឹងថ្នាំយ៉ាងណាក៏ដោយ ក៏ថ្នាំដែលជាការរកឃើញថ្មីមួយនេះ អាចកម្ចាត់បានផងដែរ។
លោកប្រធានបានបញ្ជាក់ថា «ស្មៅនៅតាមស្រែកសិករច្រើន ហើយបើតាមទម្លាប់កសិករ ដែលគាត់ប្រើប្រាស់ថ្នាំនៅលើទីផ្សារយើងបច្ចុប្បន្ននេះ មានថ្នាំខ្លះវាស៊ាំហើយ មិនអាចសម្លាប់ស្មៅបានច្រើនប្រភេទទេ។ ប៉ុន្តែថ្នាំហ្សេវេឡូជំនាន់ថ្មី គឺថ្នាំនេះតែមួយមុខអាចកម្ចាត់ស្មៅគ្រប់ប្រភេទ នៅលើវាលស្រែ ហើយប្រើតែម្តងទេ»។
លោកបន្តថា «អញ្ចឹងកាត់បន្ថយកម្រៃអ្នកប្រើប្រាស់ ចំណេញពេលវេលា ទៅធ្វើការងារជាច្រើនទៀត។ ម្យ៉ាងវិញទៀត សូម្បីតែស្មៅដែលស៊ាំនឹងថ្នាំ ក៏ហ្សេវេឡូនៅតែអាចកម្ចាត់បាន កសិករប្រើតែម្តង គឺគាត់នឹងទទួលផលដោយមិនបាច់អារម្មណ៍»។
បន្ទាប់ពីក្រុមហ៊ុនកតេរ៉ា បានជ្រើសយកខេត្តកំពង់ធំ ជាខេត្តគោលដៅដំបូងក្នុងការផ្សព្វផ្សាយ ស្តីពីគុណភាពហ្សេវេឡូនេះ លោកជួយជំរុញឲ្យកសិករប្រើថ្នាំកសិកម្មប្រភេទនេះ ទៅប្រើលើដំណាំស្រូវរបស់ពួកគាត់។ លោកសង្ឈឹមថា ទិន្និផលស្រូវរបស់ប្រជាកសិករ នឹងទទួលបានទិន្នផលខ្ពស់ បើសិនជាប្រើផលិតផលកសិកម្មមួយនេះ៕