(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប លោក Dr. Donald Kaberuka ប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិសកល (The Global Fund) ដើម្បីសំដែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសកល។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោក Dr. Donald Kaberuka ក្នុងឱកាសដែលបានអញ្ជើញមកបំពេញ បេសកកម្មការងារនៅកម្ពុជា លើកទី១ បន្ទាប់ពីទើបបានចូលកាន់តំណែង ជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិសកល កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ហើយលោកក៏បានថ្លែងការអបអរសាទរ ចំពោះមូលនិធិសកល ដែលសម្រេចបាននូវការកៀរគរថវិកា លើសពីការគ្រោងទុកបានចំនួនរហូតដល់ ១៤.០២ប៊ីលានដុល្លារអាមេរិក ក្នុងសន្និសីទកៀរគរថវិកាលើកទី៦របស់ខ្លួន នៅទីក្រុងលីយ៉ុង ប្រទេសបារាំង ថ្មីៗនេះ។
អគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ របស់មូលនិធិសកលនៅកម្ពុជា អស់រយៈពេលជាង២ទសវត្សរ៍កន្លងមក ដែលគិតរហូតមកដល់ពេលនេះ បានទទួលហិរញ្ញប្បទានពីមូលនិធិសកលចំនួនប្រមាណ ៥១៥.៩៥លានដុល្លារអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងបីរួមមាន ជំងឺអេដស៍ របេង និងជំងឺ គ្រុនចាញ់ និងជាពិសេសជួយឱ្យកម្ពុជា សម្រេចបានគោលដៅ ៩០-៩០-៩០ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍មុនការគ្រោងទុក។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា សមិទ្ធផលដែលកម្ពុជា ទទួលបាននាពេលនេះ គឺបានរួមចំណែកដ៏ធំធេង ក្នុងដល់ការអភិវឌ្ឍជាតិ ដែលស្រប តាមចក្ខុវិស័យប្រកប ដោយមហិច្ឆិតានៃផែនការយុទ្ធសាស្ត្រសុខាភិបាល២០១៦-២០២០ គឺ «ប្រជាពលរដ្ឋកម្ពុជាទាំងអស់ មានសុខភាព និងសុខមាលភាពកាន់តែប្រសើរឡើង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចប្រកបដោយចីរភាព»។
ជាការឆ្លើយតប លោក Dr. Donald Kaberuka ក៏បានថ្លែងនូវការអរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបាន គាំទ្រដល់ប្រតិបត្តិការ របស់មូលនិធិសកលកន្លងមក តាមរយៈកិច្ចសហការដ៏ពេញលេញគ្រប់លំដាប់ថ្នាក់ និងស្មារតីគោរព គ្នាទៅវិញទៅមក ធ្វើយ៉ាងណាឱ្យឈានទៅសម្រេចបានគោលដៅ។
បន្ថែមពីនេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធ ប្រទេសរបស់កម្ពុជា (Country System) និងភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំអនុវត្តគម្រោង ហិរញ្ញប្បទានដោយមូលនិធិសកល ដើម្បីឈានទៅសម្រេចបានលទ្ធផល គួរជាទីមោទនៈ ជាក់ស្តែងកម្មវិធីប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ និងរបេង នៅកម្ពុជាសម្រាប់ឆ្នាំ២០១៨-២០២០ ដែលកំពុងអនុវត្តត្រូវបានមូលនិធិសកលវាយតម្លៃ បានជាប់ចំណាត់ថ្នាក់ A2 ដោយសម្រេចបាន ៩៩% នៃសូចនាករដែលជា Excellence Rating Exceptionally។
លើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបាននេះ លោក Dr. Donald Kaberuka ក្នុងនាមមូលនិធិសកល, បានសន្យាបន្ដពង្រីកកិច្ចសហប្រតិបត្ដិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺទាំងបីនេះបន្តទៀត ក្នុងទំហំហិរញ្ញប្បទានសហប្រតិបត្តិការកាន់តែធំជាងមុន ដើម្បីជួយសង្គ្រោះជីវិតមនុស្ស កាត់បន្ថយអត្រាមរណៈ និងឈានទៅលុបបំបាត់ការរីករាលដាលទាំងស្រុងនៃ ជំងឺទាំងបីមុនដំណាច់ ឆ្នាំ២០៣០។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណសារជាថ្មីម្តងទៀត ដល់មូលនិធិសកល ចំពោះជំហរបន្តគាំទ្រ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជូនពរលោក Dr. Donald Kaberuka ឱ្យទទួលបានជោគជ័យ ក្នុងការបំពេញតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិសកល៕