(សៀមរាប)៖ ស្របពេលដែលមានការបញ្ជាក់ឱ្យដឹងថា ព្រៃឈើនៅលើភ្នំគូលែនទាំងមូលបានបាត់បង់អស់ប្រមាណ៨០% ទៅហើយនោះ ក្រុមហ៊ុន Kulara Water ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិម៉ាក អូ គូលែន បានចំណាយដីដល់ទៅជាង៣០ហិកតា ទុកសម្រាប់ដាំកូនឈើប្រណីតៗ និងឈើកម្រទាំងអស់ ដើម្បីចូលរួមស្ដារព្រៃឈើដែលបានបាត់បង់ឡើងវិញ ជួយរក្សាស្ថិរភាពបរិស្ថាន និងប្រភពទឹក ពិសេសដើម្បីទុកជាសម្បត្តិមនុស្សជាតិទូទៅ ដោយមិនឱ្យមានការកាប់បំផ្លាញឡើយ។
តាមរយៈដំណើរទស្សនកិច្ច នៅរោងចក្រផលិតទឹករ៉ែធម្មជាតិ អូ គូលែន ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ដែលរៀបចំដោយក្រុមហ៊ុន Kulara Water នាដើមសប្ដាហ៍នេះ ក្រុមអ្នកសារព័ត៌មានជាង១០ស្ថាប័ន បានទៅដល់ចម្ការដើមឈើរបស់ក្រុមហ៊ុន ដោយបានឃើញមានកូនឈើប្រណីតៗ និងឈើកម្រជាច្រើនប្រភេទ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កញ្ញា ជួប សុភី អ្នកគ្រប់គ្រងសួនដាំកូនឈើ និងសន្តិសុខរបស់ក្រុមហ៊ុន Kulara Water បានឱ្យដឹងថា ផ្ទៃដីសរុបរបស់ក្រុមហ៊ុនមានប្រមាណ៤០ហិកតា ក្នុងនោះដីសម្រាប់រោងចក្រផលិតទឹក មានប្រមាណ៨ហិកតា និងប្រមាណ៣២ហិកតាទៀត ក្រុមហ៊ុនទុកសម្រាប់ដាំដើមឈើទាំងអស់។
កញ្ញាថា ចាប់ពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាំដុះកូនឈើប្រណីតៗ និងឈើកម្រប្រមាណជាង៧ពាន់ដើម លើផ្ទៃដីប្រមាណជាង១០ហិកតា ហើយនៅឆ្នាំ២០២០ ក្រុមហ៊ុនមានគម្រោងដាំកូនឈើទាំងនេះជាង២ពាន់ដើមទៀត ពោលក្នុងមួយឆ្នាំដាំឱ្យបានចាបពី ២ពាន់-៣ពាន់ដើម លើផ្ទៃដីជាង២០ហិកតាទៀត។
កូនឈើទាំងនោះមានដូចជា គូលែន ក្រញូង បេង ចន្ទន៍គ្រឹស្នា នាងនួន ផ្ដៀក ច្រេស អង្កាំ ឆ្កែស្រែង ទេពពូរូ ស្ដី ស្នួល អង្កត់ខ្មៅ ឈើខ្មៅ ឈើភ្លើង ឈើទាល ទ្រយឹង ម្រះព្រៅភ្នំ តាត្រាវ (ម៉ៃសាក់) វល្លិល្មៀត ព្រហូត ដៃខ្លា គគីរថ្ម គគីរដែក គគីរម្សៅ គគីរខ្សាច់ ស្រឡៅ រំលាយឈាម ត្រសេក ធ្នង់ សាឡាក់ ពពេល ជ័រចុង កកោះ សំរង ព្រីង ដូងចែម ស្ពង់ សុក្រំជាដើម។
កូនឈើដែលយកមកដាំនៅលើដីរបស់ក្រុមហ៊ុន Kulara Water នេះទៀតសោត គឺទិញយកមកពីសួនបណ្ដុះកូនឈើក្នុងសាលាបឋមសិក្សាសង្កែឡាក់ នៅលើភ្នំគូលែនឯណោះ។ លោក ណាំង ដឹប គ្រូបង្រៀននៅសាលាសង្កែឡាក់បានឱ្យដឹងថា រៀងរាល់ឆ្នាំ ក្រុមហ៊ុន Kulara Water បានមកទិញកូនឈើពីសាលារាប់ពាន់ដើម ដោយទិញក្នុងតម្លៃ១ដុល្លារក្នុងមួយដើម គឺថ្លៃជាងគេ ខណៈអ្នកផ្សេងទិញតែ៨០០រៀលប៉ុណ្ណោះក្នុងមួយដើម។
ការបណ្ដុះ និងដាំកូនឈើនេះ ក៏ទទួលបានការចូលរួមសហការពីសំណាក់មូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍ ឬហៅថាអង្គការ ADF ផងដែរ ដែលអង្គការនេះមានមូលដ្ឋាននៅលើភ្នំគូលែនតែម្ដង ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាសហគមន៍ សាលារៀន ក្រុមហ៊ុន Kulara Water មន្ទីរបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធនានា។ រីឯការដាំដើមឈើនេះ ក៏ទទួលបានការអនុញ្ញាតពីមន្ទីរបរិស្ថានខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាផងដែរ។
កញ្ញា ជួប សុភី បានបន្តថា ក្រៅពីចូលរួមស្ដារព្រៃឈើ ការពារប្រភពទឹក រក្សាស្ថិរភាពបរិស្ថាន ផ្ដល់គម្របព្រៃឈើឡើងវិញនោះ កូនឈើដែលត្រូវបានដាំទាំងនោះក៏អាចទាក់ទាញសត្វឃ្មុំឱ្យរស់នៅទីនោះដែរ ពីព្រោះឈើដែលបានដាំនេះមានប្រភេទផ្សេងៗគ្នា ហើយមានផ្កាតាមរដូវផ្សេងគ្នាដែរ។
តាមការអះអាងរបស់ម្ចាស់ស្រុករូបនេះ បានឱ្យដឹងថា ដីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Kulara Water បច្ចុប្បន្ននេះ ដើមឡើយគឺជាកម្មសិទ្ធិរបស់អ្នកភូមិ ដោយមុនដំបូងគឺសុទ្ធតែព្រៃឈើ ក្រោយមកពួកគាត់បានកាប់ព្រៃនេះធ្វើកសិកម្ម ដាំដំណាំជាដើម។ លុះក្រុមហ៊ុនទិញបាន ក្រុមហ៊ុនក៏បានចូលរួមដាំដើមឈើឡើងវិញ។
ការចូលរួមថែរក្សាការពារព្រៃឈើ និងបរិស្ថានយ៉ាងដូច្នេះ ក៏បានចូលរួមជំរុញឱ្យក្រុមហ៊ុន Kulara Water ទទួលបានពានរង្វាន់ធំលេខ១ ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវសង្គម ឬហៅថា CSR ដែលបានប្រគល់ដោយសភាពាណណិជ្ជកម្មអឺរ៉ុបលើកដំបូង នៅឆ្នាំ២០១៩នេះ។
លោក Jacques Marcille អគ្គនាយកក្រុមហ៊ុន Kulara Water បានថ្លែងថា នៅពេលដើមឈើទាំងនេះលូតលាស់ធំទៅ វានឹងក្លាយជាសម្បត្តិរបស់មនុស្សជាតិទូទៅ មិនមែនជាកម្មសិទ្ធិរបស់លោក ឬក្រុមហ៊ុនលោកដាច់ដោយឡែកនោះទេ។
ជាការពិតណាស់ តាមបណ្ដោយជើងភ្នំគូលែនភាគខាងត្បូង ដែលឃើញតាមរយៈយន្តហោះថតរូបពីលើអាកាស ឬហៅថា Drone នោះ គឺភាគច្រើនជាទីវាលស្រែ និងចម្ការស្វាយចន្ទីជាដើម មិនសូវជាមានព្រៃឈើធំៗខ្ពស់ៗដូចមុនឡើយ ជំនួសមកវិញនូវភាពសោកស្ដាយពន់ពេកចំពោះព្រៃឈើក្បែរជើងភ្នំដ៏ពិសិដ្ឋនៃប្រជាជាតិយើង។
លោក Jean Baotiste Chevance ប្រធានអង្គការ ADF បានឱ្យដឹងថា តាមការថតពីលើអាកាសដោយប្រព័ន្ធផ្កាយរណប នាពេលចុងក្រោយនេះ បានបង្ហាញឱ្យឃើញថា ព្រៃឈើនៅលើភ្នំគូលែនទាំងមូលបានបន្តបាត់បង់អស់ប្រមាណ ៨០% ទៅហើយ បន្ទាប់ពីក្រសួងបរិស្ថាន កាលពីប៉ុន្មានឆ្នាំកន្លងទៅ ក៏បានទទួលស្គាល់ថាព្រៃឈើនៅលើភ្នំគូលែនទាំងមូលនៅសល់តែប្រមាណ ២៥% ប៉ុណ្ណោះ បានន័យថាបច្ចុប្បន្នព្រៃឈើនៅលើភ្នំនេះនៅសល់តែ ២០% ប៉ុណ្ណោះ៕