(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ មានសមាជិកក្រុមឧទ្ទាម សម រង្ស៉ី ចំនួន២២១នាក់ហើយ បានចូលសារភាពទទួលស្គាល់ទោសកំហុស និងបកអាក្រាតអំពីផែនការរដ្ឋប្រហារខុសច្បាប់របស់ទណ្ឌិត សម រង្ស៉ី ជូនដល់សមត្ថកិច្ច ខណៈដែលមានសមាជិកក្រុមនេះចំនួន៤៦នាក់ផងដែរ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងទប់ស្កាត់តាមផ្លូវច្បាប់ទាន់ពេលវេលា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ ជូនដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
ការទប់ស្កាត់យ៉ាងខ្លាំងក្លាចំពោះសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលក្រៅការបោះឆ្នោតនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី និងបក្ខពួក បានប្រកាសធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ ទណ្ឌិតរូបនេះ បានប្រកាសរៀបចំថវិកាសម្រាប់ផ្តល់ជូនកងទ័ពជាតិ ដែលហ៊ានផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំរបស់ខ្លួន ព្រមទាំងអំពាវនាវយ៉ាងគឃ្លើនប្រមាថព្រះមហាក្សត្រ ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត ដាក់រាជ្យថែមទៀត។
រយៈពេលជាង២ខែមកនេះ បន្ទាប់ពីមានការប្រកាសរបស់ រាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការកម្ពុជានៅទូទាំងប្រទេស ដោយបញ្ជាក់ថា អ្នកចូលសារភាពទោសកំហុស បកអាក្រាតអំពីផែនការរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៉ី នេះ នឹងត្រូវរួចផុតពីទោសកំហុសនោះ មានសមាជិកក្រុមឧទ្ទាម ដែលទទួលយកផែនការរបស់ លោក សម រង្ស៉ី មកអនុវត្តបានចូលសារភាពជាបន្តបន្ទាប់ ប្រៀបបីដូចជាទឹកបាក់ទំនប់ ហើយអ្នកខ្លះទៀត បានបញ្ចេញវីដេអូបញ្ជាក់អំពីគោលជំហររបស់ខ្លួនមិនគាំទ្រដល់សកម្មភាពរដ្ឋប្រហារនេះផងដែរ។
មន្រ្តីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រដ្ឋាភិបាលថៃ បានសហការយ៉ាងល្អជាមួយកម្ពុជា ក្នុងការទប់ស្កាត់នូវចលនាទាំងឡាយ ដែលធ្វើឡើងក្នុងគោលដៅបំផ្លិចបំផ្លាញប្រទេសកម្ពុជា ក៏ដូចជាសមាជិកអាស៊ានផ្សេងទៀត។ មួយវិញទៀត ប្រទេសថៃ ក៏កំពុងរៀបចំសណ្តាប់ធ្នាប់ក្នុងប្រទេសរបស់ខ្លួនឱ្យកាន់តែល្អផងដែរ ដោយសារតែប្រទេសនេះត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដូច្នេះគេមិនអនុញ្ញាតឱ្យក្រុមឧទ្ទាមជួបជុំបង្កភាពស្មុគស្មាញដល់ប្រទេសគេឡើយ។
មាត្រា២ នៃធម្មនុញអាស៊ាន បានចែងថា រដ្ឋជាសមាជិកអាស៊ាន មិនត្រូវចូលរួមក្នុងគោលនយោបាយ ឬសកម្មភាពណាមួយ ដែលរួមមានការដាក់ឱ្យប្រើប្រាស់ នូវទឹកដីរបស់ខ្លួនឱ្យរដ្ឋសមាជិកអាស៊ាន ឬរដ្ឋមិនមែនជាសមាជិកអាស៊ាន ឬឱ្យតួអង្គដទៃទៀតដែលពុំមែនជារដ្ឋ គំរាមគំហែងដល់អធិបតេយ្យភាព បូរណភាពទឹកដី ឬស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់រដ្ឋសមាជិកអាស៊ានណាមួយឡើយ។
ជាក់ស្តែងលោក រស់ គឹមសៀង អតីតប្រធានចលនាយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលមានការភ្ញាក់រលឹកចូលសារភាពនៅចំពោះមុខសមត្ថកិច្ចខេត្តកំពងធំ បានអំពាវនាវដល់អ្នកគាំទ្រ និងសកម្មជន នៃអតីតបក្សប្រឆាំងទាំងអស់ កុំឱ្យចាញ់ឧបាយកលទុច្ចរិតរបស់ លោក សម រង្ស៉ី និងបក្ខពួក ដែលអាចនឹងនាំពួកគេទៅរកគ្រោះថ្នាក់នៅពេលខាងមុខ។ ក្នុងបទសម្ភាសជាមួយ Fresh News អតីតប្រធានចលនាយុវជន កាលពីពេលថ្មីៗនេះ បានសម្តែងការសោកស្តាយ ដែលបានធ្លាយចូលក្នុងឧបាយរបស់ លោក សម រង្ស៉ី ហើយអះអាងថា តាំងពីត្រូវបានចាប់ខ្លួន មិនមានថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិណាម្នាក់ បានចូលមកជួយលោកទេ។
ចំណែកលោក ហ៉ី សុខជា អតីតប្រធានចលនាយុវជនរបស់អតីតគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តព្រៃវែង ដែលធ្លាប់ទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីទទួលយកផែនការផ្ទាល់ពីទណ្ឌិត សម រង្ស៉ី នោះ ក៏បានចូលសារភាព និងបានប្រកាសជំហរថា លោកមិនចូលរួមអនុវត្តផែនការរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលនោះឡើយ។ លោកអះអាងថា ការប្រកាសជំហរបែបនេះ ដោយសារតែលោកមិនចង់ឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមួយដែលវឹកវរ គ្មានសណ្តាប់ធ្នាប់ និងអស្ថិរភាពសង្គមនោះឡើយ។
ក្នុងការផ្តួលរំលំនេះ លោក សម រង្ស៉ី បានប្រកាសដោយមិនបានយល់ច្បាស់ពីធម្មនុញអាស៊ានថា ចលនារដ្ឋប្រហារខុសច្បាប់របស់លោកនឹងចេញពីប្រទេសថៃ ដើរកាត់ព្រំដែនចូលមកកម្ពុជា ដោយដឹកនាំកម្មករជាង ១លាននាក់ កម្លាំងទាហាន និងជនបរទេស មកជាមួយផងដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សមត្ថកិច្ចថៃ បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលថៃ នឹងមិនអនុញ្ញាតឱ្យលោក សម រង្ស៉ី និងបក្ខពួកចូលប្រទេសរបស់ខ្លួនឡើយ បើជាធ្វើរដ្ឋប្រហារបែបនេះ។
នគរបាលអន្តោប្រវេសន៍ថៃ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានបិទមិនឱ្យលោកស្រី មូរ សុខហួរ ជាមនុស្សជំនិតជាន់ខ្ពស់របស់ទណ្ឌិតសម រង្ស៉ី ចូលទៅកាន់ប្រទេសរបស់ខ្លួននោះទេ ដោយសារតែលោកស្រីមានឈ្មោះនៅក្នុងបញ្ជីខ្មៅជាមួយទណ្ឌិត សម រង្ស៉ី។ លោកស្រី មូរ សុខហួរ បានចេញដំណើរពី ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីម៉ោង ០៣៖០៤រសៀលនាទី (តាមជើងយន្តហោះ MH782) ហើយបានមកដល់ទីក្រុងបាងកក នៅម៉ោង៤៖៣៤រសៀល។ ប៉ុន្តែនៅពេលទៅដល់ទីក្រុងបាងកក អាជ្ញាធរថៃ មិនឱ្យលោកស្រីចូលប្រទេសខ្លួនឡើយ ដោយបង្ខំឱ្យហោះត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញហើយដែរ ហើយទីបំផុត លោកស្រីត្រូវបានវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញតែម្តង៕