(ភ្នំពេញ)៖ សង្គ្រាមសម្តីរវាងអ្នកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិផ្សាយជាខេមរភាសា លោក ហ្សង់ ហ្វ្រង់ស័រតាន់ និងជនក្បត់ជាតិ សម រង្ស៉ី មិនទាន់បញ្ចប់នៅឡើយទេ។ នៅថ្ងៃនេះលោក ហ្សង់ ហ្វ្រង់ស័រតាន់ បានបញ្ចេញសារជាបន្តបន្ទាប់វាយបកចំពោះការចោទប្រកាន់ចំពោះភាពអព្យាក្រិតរបស់វិទ្យុបារាំងអន្តរជាតិ ពីសំណាក់ជនក្បត់ជាតិ សម រង្ស៉ី។
នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានទម្លាយសារថ្មីមួយទៀត ពីចរិតរបស់ជនក្បត់ជាតិ សម រង្ស៉ី គឺត្រូវការតែសំណួរល្អ មិនត្រូវការសំណួរមិនល្អនោះឡើយ។
លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានរៀបរាប់យ៉ាងដូច្នេះថា «កាលពី១០ឆ្នាំមុន ខ្ញុំជាអ្នកសម្ភាសន៍អ្នកនយោបាយស្រុកខ្មែរ។ ខ្ញុំសម្ភាសញឹកញាប់ជាងគេ លោក សម រង្ស៉ី។ ជាទូទៅ មុនផ្តើមការឆ្លើយឆ្លងគ្នា Live ឬមិន Live, ខ្ញុំតែងសួរបញ្ជាក់ក្នុងន័យគួរសមថា តើខ្ញុំអាចសួរសំណួរអ្វីក៏បានដែរ មែនទែ?។ ក្នុងករណីលោក សម រង្ស៉ី គាត់តែងតបជាភាសាបារាំងថា il n’y a pas de mauvaises questions, il n’y a que des mauvaises réponses បានន័យថា គ្មានឡើយសំណួរមិនល្អ មានតែចម្លើយមិនល្អ។ និយាយបែបផ្សេង ចង់សួរអ្វី ក៏សួរមកចុះ»។
ក្រៅពីការបង្ហាញចរិតរបស់ជនក្បត់ជាតិ សម រង្ស៉ី ជាមនុស្សត្រូវការតែសំណួរល្អហើយនោះ នាយកគ្រប់គ្រងការផ្សាយវិទ្យុបារាំងអន្តរជាតិជាខេមរភាសារូបនេះ ក៏បានសម្តែងការងឿងឆ្ងល់ផងដែរថា ហេតុអ្វីជនក្បត់ជាតិ សម រង្ស៉ី ខឹងសម្បាខ្លាំងម្ល៉េះចំពោះសំណួររបស់លោក គួច គន្ធារ៉ា ក្នុងកម្មវិធីផ្សាយកាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ។
សូមបញ្ជាក់ថា សង្គ្រាមសម្តីរបស់លោក ហ្សង់ ហ្វ្រង់ស័រតាន់ ទៅកាន់ជនក្បត់ជាតិ សម រង្ស៉ី បានកើតមានឡើងបន្ទាប់ពីជនក្បត់ជាតិរូបនេះ បានវាយប្រហារ និងចោទប្រកាន់វិទ្យុបារាំងអន្តរជាតិផ្សាយជាខេមរភាសាថា មានភាពលំអៀងទៅរករាជរដ្ឋាភិបាល ឬសម្តេចតេជោ ហ៊ុន សែន។
ការចោទប្រកាន់របស់ជនក្បត់ជាតិរូបនេះ បានកើតមានឡើងបន្ទាប់ពីត្រូវបានលោក គួច គន្ធារ៉ា អ្នកព័ត៌មានចាស់វស្សាប្រចាំនៅស្ថានីយវិទ្យុបារាំងក្នុងទីក្រុងប៉ារីស ក្នុងកម្មវិធីផ្សាយកាលពីថ្ងៃទី២៩ ខែតុលា កន្លងទៅនេះ បានឈ្លេចសួរជាច្រើនពាក់ព័ន្ធគម្រោងវិលចូលប្រទេសវិញរបស់ជនក្បត់ជាតិរូបនេះនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។
ការសួរប្រដេញពីសំណួរមួយទៅកាន់សំណួរលើគម្រោងវិលចូលស្រុកនេះ ធ្វើឱ្យជនក្បត់ជាតិ សម រង្ស៉ី ឆ្លើយមិនរួច រហូតចោទអ្នកព័ត៌មានវិទ្យុបារាំងអន្តរជាតិ គ្មានវិជ្ជាជីវៈថែមទៀតផង។
តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុបារាំងនេះ ជនក្បត់ជាតិ សម រង្ស៉ី បានរងភាពអាម៉ាស់ជាខ្លាំង ដ្បិតមិនអាចឆ្លើយឱ្យបានច្បាស់លាស់ចំពោះគម្រោង វិលត្រឡប់ចូលស្រុករបស់ខ្លួន ក៏ដូចជាការប្រមាថទៅលើព្រះចេស្តាព្រះមហាក្សត្រខ្មែរជាដើមនោះ។
សូមរំលឹកថា ការប៉ះទង្គិចពាក្យសម្តីរវាងជនក្បត់ជាតិ សម រង្ស៉ី ជាមួយថ្នាក់ដឹកនាំការផ្សាយវិទ្យុបារាំងជាខេមរភាសានាពេលនេះមិនមែនជាលើកទីមួយនោះឡើយ។ នាពេលកន្លងទៅជនក្បត់ជាតិ សម រង្ស៉ី ធ្លាប់បានប៉ះសម្តីជាមួយថ្នាក់ដឹកនាំវិទ្យុបារាំងផ្សាយជាខេមរភាសាផងដែរ នៅពេលវិទ្យុអព្យាក្រិត្យមួយនេះព្យាយាមធ្វើតាមវិជ្ជាជីវៈ ដោយមិនសម្របតាមអ្វីដែលខ្លួនចង់បាននោះ។ វិទ្យុបារាំងអន្តរជាតិជាស្ថាប័នព័ត៌មានមួយ បើកវេទិកាឲ្យគ្រប់ស្រទាប់វណ្ណៈចូលរួមបញ្ចេញមតិ ប៉ុន្តែការបញ្ចេញមតិត្រូវឈរលើមនសិការបស់ខ្លួន៕