(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការញុះញង់ណាមួយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលជាហេតុនាំឲ្យខ្លួនឯងក្លាយជាអ្នកទោសដោយមិនដឹងខ្លួននោះ។
នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ នៅសាលាបឋមសិក្សាដីក្រហម ស្ថិតក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ លោក ឈុំ ខេង បានថ្លែងថា មួយរយៈមកនេះ ទណ្ឌិត សម រង្ស៊ី បានបំផុសបំផុលឲ្យប្រជាពលរដ្ឋ និងកងទ័ពប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។
ករណីនេះលោក ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើង កុំជឿតាមការញុះញង់ណាមួយរបស់ជនក្បត់ជាតិទណ្ឌិតរត់ចោលស្រុកឲ្យសោះ, ត្រូវយកពេលវេលាខិតខំធ្វើការផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារនោះទើបជាការប្រសើរ។
លោកបន្តថា បច្ចុប្បន្ននេះកងទ័ពបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើការចាប់ខ្លួនទណ្ឌិតរូបនេះ តាមដីការបស់តលាការ បើសិនទណ្ឌិតហ៊ានវិលចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះមែន។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមហូបអំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
ទាក់ទងនិងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០នេះផងដែរ លោក ឈុំ ខេង បានធ្វើការសំណូមពរឲ្យឪពុកម្តាយ ត្រូវធ្វើការអប់រំកូនចៅបន្ថែមទៀត បន្ទាប់ពីទទួលការបណ្តុះបណ្តាលអប់រំ ពីលោកគ្រូអ្នកគ្រូនៅសាលា ដើម្បីឲ្យកូនចៅយើងមានចំណេះដឹងគ្រប់គ្រាន់ ក្នុងការយកទៅបំពេញការងារផ្សេងៗ។ លោកថា បច្ចុប្បន្ននេះគ្រប់ការងារទាំងអស់ បើយើងមិនមានចំណេះដឹងគ្រប់គ្រាន់ទេគឺគេមិនយកយើងទេ។
ជាមួយគ្នានោះ ត្រូវរួមគ្នាទប់ស្កាត់បញ្ហាគ្រឿងញៀន បញ្ហាបងតូចបងធំកុំឲ្យកើតមាននៅក្នុងតំបន់របស់យើងពិសេស នៅក្នុងសាលារៀនជាដាច់ខាត។ លោក ឈុំ ខេង ក៏បានឧបត្ថម្ភថវិកាចំនួន ៧០០ដុល្លារ សម្រាប់ប្រក់ដំបូលព្រះពុទ្ធរូបនៅក្នុងសាលា ឧបត្ថម្ភថវិកាលើកទឹកចិត្តលោកគ្រូ អ្នកគ្រូចំនួន១៦នាក់ និងបានប្រគល់បណ្ណសរសើរ ដល់សិស្សដែលរៀនបានចំណាត់ថ្នាក់ លេខ១ផងដែរ៕