(កំពង់ធំ)៖ បន្ទាប់ពីដំណើរការអស់រយៈពេល ២ថ្ងៃ មហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ខេត្តកំពង់ធំ ត្រូវបានប្រារព្ធបិទនៅពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ក្រោមវត្តមានលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុកឃុំ/សង្កាត់ជាង ៣០០ នាក់ដោយមានការឧបត្ថម្ភគាំទ្រពីសហភាពអឺរ៉ុប សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ ។

លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកំពង់ធំអាណត្តិទី៤ បានឡើងប្ដេជ្ញាចិត្តដោយលោក ត្រូវលើកកម្ពស់សាម្គីភាពឯកភាពគ្នារវាងថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសមាគមរួមគ្នាអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង របស់សមាគមស្របតាមច្បាប់បទបញ្ជា លិខិតបទដ្ឋានជាធរមានរបស់រដ្ឋ ដោយតម្កល់នូវឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនជាធំ, ខិតខំថែរក្សាឲ្យបាននូវអធ្យាក្រឹត្យភាព ការងាររដ្ឋបាលសំដៅលើកកម្ពស់គុណភាពក្នុងការផ្ដល់សេវាជូន ប្រជាជនឲ្យបានកាន់តែល្អប្រសើរ សំដៅរក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយនិរន្តរភាព។

លោក ឈុន ឈន់ បានលើកឡើងថា មហាសន្និបាតលើកទី៣នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅក្នុងខេត្តកំពង់ធំរបស់យើងក្នុងការបន្តចីរភាពដល់សមាគមមួយដែលតំណាងឱ្យក្រុមប្រឹក្សាក្រុង ស្រុកឃុំសង្កាត់ខេត្តកំពង់ធំ ជាសមាគមដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាជាសមាជិកនិងការពារផលប្រយោជន៍ និងគុណប្រយោជន៍ ស្របច្បាប់របស់សមាជិក សមាគមត្រូវផ្សព្វផ្សាយនិងពង្រឹងការអនុវត្តក្រមសីលធម៌សម្រាប់សមាជិកក្រុមប្រឹក្សា ដែលជាសម្ព័ន្ធភាពជាតិជាមួយក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ផ្ដល់សេវាដល់សមាជិកស្របតាមគោលបំណងទិសដៅនិងផែនការយុទ្ឋសាស្ត្ររបស់ខ្លួន។

ជាសំឡេងដ៏រឹងមាំរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិក្នុងការស្វែងរកការគាំទ្រនិងការការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។

លោកសូមថ្លែងអំណរគុណដល់លោក លោកស្រីជាគណៈប្រតិភូមហាសន្និបាតដែលបានចូលរួមពិភាក្សា និងផ្ដល់ជាមតិយោបល់នៅក្នុងមហាសន្និបាតនេះ ក្នុងបំណងកែលម្អលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមឲ្យកាន់តែល្អប្រសើរ។ ជាពិសេសដៃគូអភិវឌ្ឍន៍អ្នកពាក់ព័ន្ធដែលបានផ្ដល់ការគាំទ្រដល់ការអនុវត្តសកម្មភាពរបស់សមាគមកន្លងមក។ សង្ឃឹមថាការគាំទ្រ និងការសហការនិងនៅមានជាបន្តទៀតជាមួយសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ខេត្តកំពង់ធំសម្រាប់អាណត្តិទី៤។

គួរបញ្ជាក់ថា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកំពង់ធំអណត្តិទី៤ ត្រូវបានជ្រើសតាំងរួមមាន៖

*១៖ លោក គៀង សេងគី ជាប្រធាន
*២៖ លោក ហាក់ ម៉ូវសេង ជាអនុប្រធានអចិន្ត្រៃយ៍
*៣៖ លោក សួន ឡុញ ជាអនុប្រធាន
*៤៖ លោក ព្រួយ សយ ជាអនុប្រធាន
*៥៖ លោក អ៊ុច វណ្ណារី ជាអនុប្រធាន
*៦៖ លោកស្រី រុំផល្លា ជាអនុប្រធាន
*៧៖ លោកស្រី ជា គឹមហុង ជាអនុប្រធាន៕