(កណ្ដាល)៖ លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានចុះបសំណេះសំណាលជាមួយពលរដ្ឋនៅស្រុកខ្សាច់កណ្ដាលនៅថ្ងៃទី៣១ ខែតុលានេះ ដើម្បីស្ដាបពិគ្រោះយោបល់ និងដោះស្រាយជូនពលរដ្ឋ នៅក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ អាណត្តិទី៣ និងលើកទី១នៅឃុំ ពុកឫស្សី ស្រុកខ្សាច់កណ្តាល ដោយមានអាជ្ញាធរភូមិ-ឃុំ និងប្រជាពលរដ្ឋចូលរួមប្រមាណ ៥០០នាក់។
លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាក់ថា គោលបំណងរបស់វេទិការនេះ គឺធ្វើឡើងដើម្បីឲ្យក្រុមប្រឹក្សាខេត្តបានជម្រាបជូនដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់អំពីសកម្មភាព និងលទ្ធផលសំរេចបានរបស់ក្រុមប្រឹក្សាខេត្តដែលបានអនុវត្តក្នុងឆ្នាំកន្លងមក ពិសេសគឺការឆ្លើយតបចំពោះសំណើរក៏ដូចជា សំណូមពរនានារបស់ប្រជាពលរដ្ឋ ដែលបានស្នើកាលពីឆ្នាំមុន។
ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឲ្យបានផុលផុស សូមកុំមានការភ័យខ្លាចពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាសហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់បញ្ហាប្រឈមនិងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាពនឹងឈានទៅរកការដោះស្រាយជូនឲ្យចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។
ដោយឡែក សំរាប់វេទិការក្នុងថ្ងៃនេះ មានប្រជាពលរដ្ឋបានឡើងនូវសំណូមពរដោយផ្ទាល់មាត់ចំនួន៥នាក់ និងសរសេរជាក្រដាស់ចំនួន ជាង២០បញ្ហា ពាក់ព័ន្ធនឹងបញ្ហាដីធ្លី បញ្ហាគ្រឿងញៀន បញ្ហាពន្ធប្រថាប់ត្រាដីធ្លី បញ្ហាអគ្គិសនី បញ្ហាទឹកស្អាត សុំធ្វើផ្លូវបេតុង បញ្ហា ពន្ធដាសុរិយោដី ពន្ធអាករ របស់ក្រុមហ៊ុនបូមខ្សាច់ ក្នុងឃុំកោះចូរ៉ាម ដែលបញ្ហាទាំងនេះត្រូវបានប្រធានក្រុមប្រឹក្សាខេត្ត ទទួលយក និងបានជំរុញដល់មន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលាផងដែរ។
សូមជំរាបថា តាមរបាយការណ៍ឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្តកាលពីឆ្នាំ២០១៨កន្លងទៅនេះក្រុមប្រឹក្សាខេត្តទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន៣៤ សំណូមពរពាក់ព័ន្ធនឹង បញ្ហាការផ្តល់សេវាសាធារណៈ ហេដ្ឋា រចនាសម្ព័ន្ធ សន្តិសុខសណ្តាប់ធ្នាប់ វិវាទផ្សេងៗ ការងារសង្គមកិច្ច មិនសេដ្ឋកិច្ចដែលបញ្ហាទាំងនេះត្រូវបានរដ្ឋបាលខេត្តធ្វើការដោះស្រាយជូន បានរួចរាល់ចំនួន៨បញ្ហា នៅសល់២៦បញ្ហាទៀតកំពុងដោះស្រាយបន្ត៕