(កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនប័ត្រសម្គាល់ ម្ចាស់អចលនវត្ថុជូនដល់សម្បទានិក របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហានទី២ ហៅកាត់ថា LASSED II នៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោក វ៉ឺ សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍជំហានទី២ ហៅកាត់ថា LASSED II គឺជាគម្រោងមួយ គាំទ្រដល់ការប្រតិបត្តិកម្មវិធី សម្បទានដីសង្គមកិច្ច របស់រាជរដ្ឋាភិបាល ក្នុងការចែកដីជូនអ្នកគ្មានដី និងអ្នកក្រីក្រតាមរយៈដីសម្បទានសង្គមកិច្ច ដើម្បីលើកកម្ពស់ការចិញ្ចឹមជីវិតរបស់គ្រួសារក្រីក្រ និងជនងាយរង់គ្រោះ។
គម្រោង LASSED II នេះ បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក តាមរយៈពេល៥ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០២១ ដែលមានថវិកាសរុប ២៦,៨៦លានដុល្លារ ក្នុងនោះមានថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ខេត្តគោលដៅ ជាអទិភាពចំនួន៥ ត្រូវបានជ្រើសរើស សម្រាប់អនុវត្តគម្រោង LASSED II នេះរួមមាន ខេត្តកំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ ក្រចេះ និងខេត្តត្បូងឃ្មុំ។
ចំពោះសមិទ្ធផលសំខាន់ៗ ក្នុងការអនុវត្តគម្រោងកន្លងមក ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ គឺបានចំណាយថវិកាសរុប៤០៣,៧១៧.១១ដុល្លារ។ ម្យ៉ាងទៀត ដោយមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជា GIZ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់សម្បទានិក កែលម្អការប្រើបា្រស់ដីឲ្យអស់លទ្ធភាព ធ្វើឲ្យប្រសើរឡើងសុខមាលភាពប្រជាពលរដ្ឋ និងធានាបាននិរន្តរភាពសន្តិសុខស្បៀង។
GIZ បានគាំទ្រនិងឆ្លើយតបទៅនឹង តម្រូវការចាំបាច់មួយចំនួនរបស់សម្បទានិក មានដូចជា សង់អណ្តូងទឹក ផ្តល់ឧបករណ៍ និងសម្ភារកសិកម្ម សង្កសី ត្រាក់ទ័រ និងការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពសហគមន៍ ព្រមទាំងផ្តល់ពូជដំណាំ អង្ករ ផ្ទាំងសូឡាផងដែរ។ ដោយឡែកនាពេលនេះ សម្បទានិក ដែលត្រូវទទួលបានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅឃុំរស្មីសាមគ្គី គឺមានចំនួនសរុប៥៦៦ប័ណ្ណ ក្នុងនោះដីលំនៅឋាននិងដីកសិកម្ម មាន៤៤៤ប័ណ្ណ ដីលំនៅឋាន មាន១១៥ប័ណ្ណ និងដីកសិកម្ម មាន៧ប័ណ្ណផងដែរ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានចាត់ទុកការជួបជុំគ្នានាពេលនេះ ថាជាការអបអរសារទរ ចំពោះជោគជ័យដ៏ធំធេង នៃគម្រោង LASSED II ដែលជាកម្មវិធីនយោបាយសម្បទានដីសង្គមកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រ ពីធនាគារពិភពលោក និងបណ្តាអន្តរក្រសួង នៅក្នុងការរួមចំណែកជំរុញឲ្យគម្រោងនេះដំណើរដោយជោគជ័យ។
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ថា ចំណុចសំខាន់ដែលចង់លើកឡើងនាពេលនេះ គឺជាការទទួលនូវមុខសញ្ញាឆ្លងកាត់ការវាយតម្លៃ ប្រកបដោយ តម្លាភាព មានន័យថា ប្រជាពលរដ្ឋដែលគ្មានដីសម្រាប់សង់លំនៅឋាន គ្មានដីបង្កបង្កើនផល គឺអាជ្ញាធរមានការទទួលខុសត្រូវ បានយ៉ាងល្អប្រសើរ ក្នុងការធ្វើសេចក្តីសន្និដ្ឋាន ប្រកបដោយសុភវិច្ឆ័យ គ្មានអំពើអសកម្មណាមួយ កើតឡើងគួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋដែលទទួលបានផល តាមរយៈគម្រោងនេះ គឺមានការសប្បាយចិត្តស្របទៅតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ថាមិនឲ្យប្រជាពលរដ្ឋណាគ្មានដី សម្រាប់សាងសង់សំនៅឋាន និងគ្មានដីសម្រាប់បង្កបង្កើនផលនោះឡើយ។
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានកត់សម្គាល់ថា ជោគជ័យទី១៖ គឺប្រជាពលរដ្ឋជាង៨០% ដែលបានមករស់នៅលើដី ក្នុងគម្រោងនេះគឺពួកគាត់រស់នៅ ជាលក្ខណៈអចិន្ត្រៃយ៍ ហើយជោគជ័យទី២៖ របស់អាជ្ញាធរគឺការដឹងពីសុខទុក្ខ និងតម្រូវការរបស់ប្រជពលរដ្ឋដែលមានការខ្វះខាត។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ភាពជោគជ័យ ក្នុងការអនុវត្តគម្រោងដែលយើងទទួលបាននាពេលនេះ ក៏អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយល្អប្រសើរ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំកសាង អភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បើគ្មានសន្តិភាពទេនោះ ក៏គ្មានភាពជោគជ័យ និងការរីកចម្រើនដូចបច្ចុប្បន្ននេះដែរ ដូច្នេះទាំងអស់គ្នាត្រូវរួបរួមរក្សាសុខសន្តិភាព ដែលរកមកបានដោយលំបាកនេះ កុំឲ្យបាត់បង់៕