(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការិនី អង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក្រោយចូលរួមប្រកួត ដណ្តើមជើងឯកនគរបាលពិភពលោក លើកទី១៨ ឆ្នាំ២០១៨ កាលពីខែសីហា កន្លងទៅនៅខេត្ត Cheng Du នាសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមរបាយការណ៍បានបង្ហាញថា កីឡាករ កីឡាការិនី នៃអង្គភាពកីឡានគរបាលជាតិ បានចេញទៅប្រកួតប្រជែងដណ្តើមបានជ័យលាភី និងទទួលរង្វាន់
មេដាយជាច្រើនទាំងក្នុងថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ។
*ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ (National Games) លើកទី២ ឆ្នាំ២០១៨ ដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោម៣ក្រសួង និង២៥ខេត្ត-រាជធានី និងប្រជែងយកមេដាយបន្ថែមជាច្រើន ពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ។
*មានកីឡា០២ប្រភេទនេះ គឺសូហ្វតិន្នីស និងទូកកានូ និងរ៉ូអ៊ុង ដែលមានសម្តេចក្រឡាហោម ស ខេង ជាមគ្គុទេសន៍សុទ្ធតែដណ្តើមបានស្នាដៃ យ៉ាងធំធេងលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ ដោយប្រជែងបានមេដាយជារៀងរាល់លើក ចាប់ពីដើមឆ្នាំ២០១៩មក។
*សម្រេចកសាងបាននូវអគារមជ្ឈមណ្ឌលកីឡា ជាការិយាល័យកណ្តាល របស់អង្គភាពកីឡានគរបាលជាតិ រួមជាមួយទីលានវាយកូនបាល់ និងសូហ្វតិន្នីស ០៤ទីលាន មានកម្រិតស្តង់ដារអន្តរជាតិតែមួយគត់នៅកម្ពុជា ដោយត្រូវចំណាយថវិកាអស់ប្រមាណ ជាង៩សែនដុល្លារ ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គួរជម្រាបថា អង្គភាពកីឡានគរបាលជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៩ មានឈ្មោះថា «ក្រុមប្រឹក្សាកីឡាកងរាជតម្រួតកម្ពុជា» ដែលតាមព្រឹទ្ធចារ្យ ហែម ថុន បានឲ្យដឹងថា ពីចំណុចចាប់ផ្តើមមកមានក្រុមកីឡាកងយោធពលខេមរភូមិន្ទ និងក្រុមកីឡាកងយុវជន បានបង្កើតឡើងព្រមជាមួយគ្នា ដោយរាជតម្រិះ ព្រះបិតាកីឡាជាតិ សម្តេចព្រះបាទ នរោត្តម សីហនុ ទ្រង់បានរៀបចំឲ្យកីឡាមានការប្រកួតក្នុងព្រឹត្តិការណ៍ ស្ទើរជារៀងរាល់ឆ្នាំ ចន្លោះពេលនោះក៏មានការប្រកួតព្រឹត្តិការណ៍កីឡាហ្គាលោ១៩៦៦ ផងដែរ។
កីឡាក្នុងប្រទេស ត្រូវបានរលាយសាបសូន្យក្រោយការដួលរំលំរបប លន់ នល់ ហើយប៉ុល ពត បានបំផ្លាញទាំងស្រុងនូវរាល់ហេដ្ឋារចនាសម្ព័ន្ធជាតិ ស្ទើរគ្រប់វិស័យរាប់ទាំងកីឡាផង។ ប៉ុន្តែក្រោយរំដោះ ៧មករា កីឡាទើបបានរស់រានមានជីវិតឡើងវិញ ដោយស្ថិតក្នុងសភាពទន់ខ្សោយស្ទើរតែគ្រប់ប្រភេទកីឡា គឺមានតែបាល់ទាត់ និងបាល់ទះតែប៉ុណ្ណោះ ដែលអាចប្រឈមនិងប្រទេសជិតខាងយើងបាន។
ដោយឡែក កីឡាក្រសួងមហាផ្ទៃ ទើបត្រូវបានបង្កើតឡើង ដោយប្រកាសក្រសួងមហាផ្ទៃ ពីដើមឆ្នាំ២០១៦ និងពង្រីកខ្លួនឲ្យទៅជាអង្គភាព កីឡានគរបាលជាតិកម្ពុជា នៅចុងឆ្នាំ២០១៧ប៉ុណ្ណោះ ដែលទទួលស្គាល់ដោយអនុក្រឹត្យរាជរដ្ឋាភិបាល ស្តីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលមាន អង្គភាពកីឡានគរបាលជាតិជាប្រតិបត្តិករ បានឈរស្មើមុខស្មើរមាត់ជាមួយ នឹងមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ៕