(ក្រចេះ)៖ ផ្សោតនៅអន្លង់ផ្សោតព្រែកកាំពី កើតបានកូនថ្មីមួយទៀតហើយ ដែលជាកូនផ្សោតទី១១ សម្រាប់ឆ្នាំ២០១៩នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ អង្គការមូលនិធិ សកល សម្រាប់ អភិរក្ស ធនធាន ធម្មជាតិ (WWF)។
យោងតាមការចេញផ្សាយរបស់អង្គការ WWF បានឱ្យដឹងថា កូនផ្សោតទើបកើតថ្មីនេះ មានអាយុកាលប្រហែលមួយថ្ងៃ ត្រូវបានប្រទះឃើញកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណ ជាប្រាំពីរក្បាល ស្ថិតក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិ កាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
WWF បានឱ្យដឹងទៀតថា កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី១១ ដែលត្រូវបានកត់ត្រាថាបានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពីខែមករា រហូតដល់ខែតុលានេះ៕