(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយការអភិវឌ្ឍន៍ទីក្រុង ដោយនិរន្តភាពក្រោមប្រធានបទ «ការប្រើប្រាស់អំពូលបំភ្លឺផ្លូវ ប្រសិទ្ធភាពថាមពលសម្រាប់ទីក្រុងឆ្លាតវៃ» នៅទីស្តីការក្រសួងបរិស្ថាន។
សិក្ខាសាលានេះរៀបចំឡើង ស្របតាមបរិការណ៍រួម នៃការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងការរស់នៅដោយចីភាព ព្រមទាំងស្ថិតក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន និងក្រុមហ៊ុនឯកជនមីនេបៀម៉ីតសុមិ អាជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធដ៏ទៃទៀតក្នុងគោលបំណង ចែករំលែក និងផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងស្តីពីការប្រើប្រាស់អំពូលបំភ្លឺផ្លូវ ប្រសិទ្ធភាពថាមពល សម្រាប់ទីក្រុងឆ្លាតវៃ ជំរុញការវិនិយោគការប្រើប្រាស់បច្ចេកវិទ្យាទំនើបពហុបំណង លើកកម្ពស់ការសន្សំសំចៃថាមពល និងការរួមចំណែករបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុងអភិក្រមនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
ថ្លែងនូវក្នុងឱកាសនោះ លោករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងថា ជាទិសដៅចំពោះមុខ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយបរិយាប័ន្ន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាល ចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែង ខ្លាំងក្លា ថែមទៀត ក្នុងការជំរុញធ្វើពិពិធកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិឌីជីថល ក្នុងនោះការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត្រ គឺជាមុខសញ្ញាដ៏សំខាន់បំផុត។
លោកបានបន្តថា គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា និយាយរួម គឺត្រូវបន្តអនុវត្តក្នុងស្មារតីទទួលខុសត្រូវនូវ គោលដៅជាយុទ្ធសាស្ត្រ៤ សំដៅកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យ របស់កម្ពុជាគឺ៖
*ទី១៖ ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧% ប្រកបដោយចីរភាព និងធន់នឹងវិបត្តិ
*ទី២៖ បង្កើតការងារឱ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាពជូនប្រជាជន ជាពិសេសស្រទាប់យុវជន
*ទី៣៖ សម្រេចឱ្យបានគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឱ្យស្ថិតក្នុងអត្រាទាបជាង១០% និងការពារ មិនឱ្យមានភាពក្រីក្រ ត្រឡប់មកវិញ
ទី៤៖ ពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការផ្តល់ សេវាសាធារណៈ សំដៅបម្រើប្រជាជនឱ្យកាន់តែប្រសើរថែមទៀត។
ក្នុងនោះមានវិស័យអាទិភាព ទី១៖ ការអភិវឌ្ឍមនុស្ស, ទី២៖ ទឹក, ទី៣៖ភ្លើង និង៤៖ ផ្លូវ សម្រាប់ជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសជាតិបន្តទៀត ដោយធនធានមនុស្សបានក្លាយជាអាទិភាពទី១៕