(ព្រះសីហនុ)៖ នារីជនជាតិអង់គ្លេសវ័យ ២២ឆ្នាំ ដែលបានបាត់ខ្លូនកាលពី ៨ថ្ងៃមុន នៅកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចរកឃើញសពរបស់នាង ដោយអណ្ដែតរហូតទៅដល់ខេត្តកោះកុង ជាប់ព្រំដែនទឹកប្រទេសថៃ ដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រ ពីកោះរ៉ុង នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។
លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា សពនារីជនជាតិអង់គ្លេស ត្រូវបានរកឃើញនៅម្ដុំកោះឆ្លាម ក្នុងខេត្តកោះកុង ហើយនៅពេលនេះ កម្លាំងរបស់លោកកំពុងតែនាំសពរបស់នាងមកលើគោក ដើម្បីធ្វើកោសល្យវិច្ច័យបន្ថែមទៀត។
សម្រាប់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ថា តាមព័ត៌មានបឋមដែលលោកទទួលបាន គឺពិតជារកឃើញសពរបស់នាង បានអណ្ដែតដល់ខេត្តកោះកុង ហើយពេលនេះកម្លាំងនគរបាល អាជ្ញាធរ បានទាក់ទងទៅខាងក្រុមលំហរសមុទ្រនាំយកសពរបស់នាងមកលើគោកវិញ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ការងារនេះអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានយកចិត្តយ៉ាងខ្លាំង និងបានចាត់ឲ្យទាំងអាជ្ញាធរ និងសមត្ថកិច្ចទាក់ទងអន្តរាគមន៍នាំយកសព របស់នាង មកលើគោកដើម្បីធ្វើកោសល្យវិច្ច័យ ព្រមទាំងចាត់ចែងប្រគល់ជូនក្រុមគ្រួសារ។
សូមបញ្ជាក់ថា នាង AMELIA LOUISE បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង ៥ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង ៦ល្ងាច។
នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨៖១៥នាទីយប់ថ្ងៃខែឆ្នាំដដែល ក្នុងគោលបំណងទេសចរណ៍។ មុនបាត់ខ្លូន គេបានប្រទះឃើញនារីនោះលើកចុងក្រោយ នៅម៉ោង៣៖៣០ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង (Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។
ក្រោយបាត់ខ្លួនប្រធានគណៈបញ្ជាការឯកភាពខេត្ត លោក គួច ចំរើន សហការជាមួយនាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ព្រមទាំងមានការចូលរួមពីក្រុមលោកឧកញ៉ា ទៀ វិចិត្រ និងប្រជាពលរដ្ឋរាប់រយនាក់ រហូតមានការប្រើសុខនទៀតផងនោះ បានបើកប្រតិបត្តិការស្វែងរកតាំងពីថ្ងៃបាត់ខ្លួនមកម្ល៉េះ។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សម្រាប់ការស្លាប់របស់នាង AMELIA LOUISE មិនទាន់មានការបញ្ជាក់នៅឡើយទេ រង់ចាំការធ្វើកោសល្យវិច្ច័យសិន។ នាង AMELIA LOUISE បានចេញពីវៀតណាម កាលពីកំលុងថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០១៩ មកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិបាវិត និងបន្តធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ រហូតបាត់ខ្លួននៅព្រឹកទៀបភ្លឺ ថ្ងៃទី២៤ ខែតុលា ពេលដែលនាងជាមួយមិត្តភក្តិទើបស្គាល់គ្នាជិត ១០នាក់ រៀបចំកម្មវិធីមួយមានឈ្មោះថា «ចាំមើលថ្ងៃរះ» នៅលើកោះរ៉ុង៕