(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ (e-Filing) នឹងផ្តល់ភាពកាន់ងាយស្រួលសម្រាប់អ្នកជាប់ពន្ធ ក្នុងការជួយសម្រួលដល់ការប្រកាសពន្ធ ការដាក់លិខិតប្រកាសប្រចាំខែ និងជួយកាត់បន្ថយពេលវេលា និងការលំបាកក្នុងការបំពេញលិខិតប្រកាសដោយដៃ ជំនួសដោយការបោះពុម្ភរបាយការណ៍ ប្រកាសពន្ធតាមអនឡាញវិញ ដោយមិនបាច់ទៅប្រកាសពន្ធដល់អគ្គនាយកដ្ឋានពន្ធដារទៀតនោះទេ។
លោក គង់ វិបុល បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការដាក់ឱ្យ ប្រើប្រាស់សាងល្បងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្ម តាមប្រព័ន្ធអនឡាញ (e-Filing) និងការផ្សព្វផ្សាយប្រកាសស្តី ពីការប្រើប្រាស់វិក្កយបត្រថ្មី ដែលបានរៀបចំឡើងនៅសណ្ឋាគារ ហ្គាឌេន ស៊ីធី និងដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ រួមទាំងម្ចាស់អាជីវកម្ម និងអ្នកជាប់ពន្ធជិត ២,០០០នាក់ផងដែរ។
លោក គង់ វិបុល បានឱ្យដឹងថា ការដាក់ឱ្យដំណើរការប្រព័ន្ធប្រកាសពន្ធអាជីវកម្មតាមអនឡាញនេះ និងធ្វើឱ្យការងារពន្ធដារដែលដាក់លិខិតប្រកាសពន្ធ មានភាពងាយ ស្រួលជាងមុន ដោយមិនបាច់ទៅដល់អគ្គនាយកដ្ឋានពន្ធដារទៀតនោះទេ ដោយគ្រាន់តែធ្វើលិខិតប្រកាសបានពីកន្លែងធ្វើការតែម្តង ដោយអាចធ្វើការប្រកាសបាន គ្រប់ពេលវេលាមិនថា ពេលយប់ ពេលថ្ងៃ ឫថ្ងៃសៅរ អាទិត្យនោះទេ ពេលដាក់ភ្លាមអគ្គនាយកដ្ឋានពន្ធដារ និងចាប់ដាក់ចូលក្នុងប្រព័ន្ធប្រកាសពន្ធដារតែម្តង ដើម្បីបញ្ជាក់ពីការបង់ពន្ធ។
លោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារមិនមានគ្រោងដំឡើងអត្រាពន្ធនោះទេ ហើយក៏គ្មានការបង្កើតពន្ធថ្មីនោះដែរ ការកែរលំអររដ្ឋបាលសារពើពន្ធវាមានច្រើន យើងក៏មិនពង្រីកវិសាលភាពក្នុងការរុកទៀតថ្មីទៀតដែរ ដូចនេះហើយយើងក៏មានការលំបាកផងដែរ ព្រោះតាមការឆ្លងថវិកាជាតិឆ្នាំ២០២០ នៅគណៈរដ្ឋមន្ត្រីថ្មីៗនេះ ពន្ធដារត្រូវប្រមូលចំណូលពន្ធឡើងឱ្យបាន២១% ហើយត្រូវរកថវិកាឱ្យបានប្រហែលជិត ៦០០លានដុល្លារ លើសពីឆ្នាំមុនៗទៀតផង ដូចនេះហើយយើងត្រូវតែមានផែនការសកម្មភាពឱ្យបានច្រើនផ្សេងៗទៀតផងដែរ។
លោក គង់ វិបុល ក៏បានបញ្ជាក់ទៀតថា ក្នុងពេលឆាប់នេះអគ្គនាយកដ្ឋានពន្ធដារ និងដាក់ឱ្យដំណើរការប្រព័ន្ធ Invoice lucky Drew ដែលប្រពន្ធនេះគឺមានអត្ថប្រយោជន៍ យ៉ាងច្រើនដោយគ្រាន់តែរាល់ពេលដែលយើងទៅទិញទំនិញ ឬក៏សេវាផ្សេងៗនៅកន្លែងណាមួយ ហើយថតវិក្កយបត្រដាក់ចូលទៅក្នុង App ប្រព័ន្ធទិន្នន័យរបស់ អគ្គនាយកដ្ឋានពន្ធដារនៅពេលដល់ថ្ងៃកំណត់ណាមួយ អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើការចាប់រង្វាន់លើវិក្កយបត្រទាំងនោះជាមួយនឹងការផ្តល់ជូនរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានដូចជា រថយន្ត ស្មាតហ្វូនស៊េរីទំនើប ទូរទស្សន៍ និងរង្វាន់ផ្សេងៗជាច្រើនទៀតផងដែរ។
លោកបានបញ្ជាក់ទៀតថា ការបង្កើត App មួយនេះគឺមានគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ដែលទៅទិញទំនិញអាចផុសវិក្កយបត្រនេះ ដើម្បីបញ្ជាក់ជារបាយ ការណ៍ដល់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីឱ្យបានដឹងថាតើក្រុមហ៊ុនដែលអ្នកបានទិញទំនិញនោះ មានអនុឡោមភាពត្រឹមត្រូវទៅតាមច្បាប់ឫអត់? ដែលនេះវាអាចមាន ប្រយោជន៍ទាំងការត្រួតពិនិត្យ អ្នកជាប់ពន្ធឱ្យបានត្រឹមត្រូវផង និងផ្តល់រង្វាន់ដល់អ្នកដែលទៅទិញទំនិញផងដែរ៕